ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីតួកគីនឹងបំពេញទស្សនកិច្ចអាមេរិក នៅសប្តាហ៍ក្រោយ

ចែករំលែក៖

ខុទ្ទកាល័យ​ប្រធានាធិបតីតួកគី បានប្រកាស​ព័ត៌មាន​កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ថា លោក អ៊ីដូហ្គាន នឹងទៅកាន់អាមេរិក​តាមការអញ្ជើញ​របស់​លោកដូណាល់ ត្រាំ ឲ្យទៅបំពេញទស្សនកិច្ច​នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

គួរបញ្ជាក់ថា គម្រោង​បំពេញទស្សនកិច្ច​របស់​លោក អ៊ីដូហ្គាន ទៅកាន់ទីក្រុងវ៉ាស៊ីនតោន​កើតឡើង បន្ទាប់ពី​សភា​របស់​អាមេរិក​បានបោះឆ្នោត​​ គោលបំណង​ដាក់ទណ្ឌកម្ម​តួកគី និងបោះឆ្នោត​ទទួលស្គាល់​ការ​សម្លាប់ដ៏រង្គាល​ជនជាតិអាមេរិក​កាលពីអំឡុង​មួយទសវត្សរ៍​កន្លងនោះថា​ជាអំពើប្រល័យពូជសាសន៍ ។ 

ការបោះឆ្នោត​របស់សភា​អាមេរិក​បានធ្វើឲ្យ​តួកគីខឹងសម្បា ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ីដូហ្គាន​ចេញថ្លែងការណ៍​មួយថា មេដឹកនាំប្រទេស​ទាំងពីរ​បានសន្ទនា​តាមទូរស័ព្ទ​កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្តេជ្ញាសារជាថ្មីថា នឹងជួបគ្នា​នៅ​ទីក្រុង​វ៉ាស៊ីតោន​ ថ្ងៃទី១៣ ខែវិច្ឆិកា តាមការអញ្ជើញ​របស់ប្រធានាធិបតីដូណាល់ ត្រាំ ។ ​

ប្រភពថា អំឡុងសន្ទនា​តាមទូរស័ព្ទ មេដឹកនាំទាំងពីរ​បានផ្លាស់ប្តូរ​ទស្សនៈ​អំពីទំនាក់ទំនង​ទ្វេភាគី ក៏ដូច​ការអភិវឌ្ឍ​នៅក្នុងតំបន់​ ។ 

ពាក់ព័ន្ធ​បញ្ហា​ទំនាក់ទំនង​រវាងតួកគី អាមេរិកនោះផងដែរ កាលពីពេលថ្មីៗនេះ​មន្ត្រីជាន់ខ្ពស់តួកគី​មួយ​រូប​បានអះអាងថា នឹងមិនខ្លាច​ការដាក់ទណ្ឌកម្ម​ពីអាមេរិក​នោះទេ ហើយតួកគី​នឹងទិញ​យន្តហោះចម្បាំង Su-35 ពីរុស្ស៊ី បើសិន​មានការចាំបាច់​​សម្រាប់បម្រើវិស័យយោធា ។  

កាលពីចុងខែតុលា ឆ្នាំ២០១៩ ក្រុមមន្ត្រីតួកគី បានបង្ហើបថា ទីក្រុងអង់ការ៉ា និងទីក្រុងម៉ូស្គូ នឹងបន្តកិច្ចចរចាទិញ យន្តហោះចម្បាំង Su-35 ខណៈ សហរដ្ឋអាមេរិកគំរាមបញ្ឈប់ការប្រគល់យន្ដហោះចម្បាំង F-35 ឱ្យតួកគី ដោយសារតែតួកគី ទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី ។ 

សារព័ត៌មាន Sputnik កាលពីថ្ងៃ៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានផ្សាយថា លោកស្រី Nurin Atesoglu Guney សមាជិកក្រុមប្រឹក្សាគោលនយោបាយសន្តិសុខ និងការបរទេសរបស់ ប្រធានាធិបតីតួកគី បានកត់សម្គាល់ នៅពេលត្រូវបានសាកសួរពីការព្រួយបារម្ភ ពីផលប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងជាមួយអាមេរិក ក្នុងករណីទីក្រុង អង់ការ៉ាទិញ Su-35 ពីរុស្ស៊ី៕


ចែករំលែក៖