ព័ត៌មានទាន់ហេតុការណ៍៖

ចិន-អាមេរិក ពន្យារពេលចុះកិច្ចព្រមព្រៀងដល់ចុងឆ្នាំ​២០១៩

ចែករំលែក៖

ដោយសារតែគម្រោង ពិភាក្សានៅក្នុងប្រទេសឈីលីត្រូវលុបចោល ពេលនេះ អាមេរិក និងចិន បានសម្រេចព្យារពេល ជួបពិភាក្សា​ និងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដល់ចុងឆ្នាំ​២០១៩ នេះ។

ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការពន្យារពេល គឺដោយសារតែភាគី​ទាំងពីរកំពុងតែពិភាក្សា ទៅលើ លក្ខខណ្ឌមួយចំនួន ក៏ដូចជាទីតាំង ដែលត្រូវជួបពិភាក្សា​។ មន្ត្រីអាមេរិក បានឲ្យដឹងថា ភាគីទាំងពីរ អាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដំណាក់កាលទី​១ ក្នុងពេលឆាប់ៗនេះ។

អំពីទីតាំងថ្មីដែលត្រូវរៀបចំជំនួប​ក៏កំពុងតែពិភាក្សា ​ក្រោយពេលប្រទេសឈីលី បានប្រកាស ដកខ្លួនធ្វើជាម្ចាស់ផ្ទះ​ កិច្ចប្រជុំកំពូល​APEC ​​។ ទីតាំងថ្មីកំពុងតែ ពិភាក្សា​ ក្នុងនោះមានមានអឺរ៉ុប និង អាស៊ី​ ។

អាមេរិក និង​ចិន​កំពុងតែខិតខំ ដើម្បីឈានដល់កិច្ចព្រមព្រៀង ដំណាក់កាលទីមួយ​​ដែលគ្រោងធ្វើឡើងនៅថ្ងៃទី​១៥ ខែធ្នូឆ្នាំ​២០១៩ មុនពេលអាមេរិក ដំឡើងពន្ធលើទំនិញនាំចូលពីចិន ក្នុងនោះមាន កំព្យួទ័រ ឧបករណ៍ក្មេងលេង …ជាដើម​។

ជាមួយគ្នានេះចិនបានប្រកាសថាមិនបានព្យាយាមបំផ្លាញអាមេរិក ឬក៏ធ្វើសង្គ្រាមត្រជាក់ថ្មីនោះឡើយ, នេះបើតាមអតីតមន្ត្រីអាមេរិក។ ចិនមិនមែនកំពុងព្យាយាមបំផ្លាញសហរដ្ឋអាមេរិកនោះទេ បើទោះជាមហាអំណាចទាំងពីរត្រូវបានគេមើលឃើញថា មានជម្លោះដណ្ដើមឥទ្ធិពលគ្នាក៏ដោយ។

លោក Joseph Nye ជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ ហាវ៉ាដ (Harvard) និងជាអតីតជំនួយការរដ្ឋមន្ត្រីការពារជាតិអាមេរិក សម្រាប់កិច្ចការសន្តិសុខអន្តរជាតិ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយសារព័ត៌មានរដ្ឋចិន Global Times កាលពីពេលថ្មីនេះ។

ស្ថិតក្នុងឱកាសនោះលោក Joseph បានគូសបញ្ជាក់ដូច្នេះថា «ជាការពិតណាស់ ចិនបានដើរទៅមុខរួចទៅហើយ។ បើសិនជាអ្នកសង្កេតមើលបន្តិចពីការរីកចម្រើនសេដ្ឋកិច្ច និងអំណាចរបស់ចិនអ្នកនឹងបានឃើញថា វាពិតជារីកចម្រើនមែន និងប្រកបដោយសន្តិភាព។ ប៉ុន្តែបញ្ហានោះគឺថា នៅពេលអនាគតប្រជាជនអាមេរិកមួយចំនួនអាចនឹងគិតថា ចិនកំពុងព្យាយាមបណ្ដេញអាមេរិក ចេញពីតំបន់ប៉ាស៊ីហ្វិកខាងលិច ហើយពួកគេគិតថានេះ គឺជានឹងនាំមហាអំណាចទាំងពីរមានជម្លោះនឹងគ្នា។ យ៉ាងណាក៏ដោយ ខ្ញុំមិនគិតបែបនេះឡើយ ពោលគឺចិនមិនមែនព្យាយាមកំពុងបណ្ដេញអាមេរិក ចេញពីតំបន់ប៉ាស៊ីហ្វិកខាងលិចនោះទេ ហើយបើអ្នកជឿថាចិនមានបំណងជំនួស និងបណ្ដេញអាមេរិកមែននោះ អ្នកនឹងនៅតែមើលឃើញចំណុចសង្ស័យដដែល»។

ដោយឡែកឆ្លើយតបទៅនឹងសំណួរថា តើចិន និងអាមេរិក កំពុងធ្វើសង្រ្គាមត្រជាក់នឹងគ្នាមែន ឬទេ? លោក Joseph បានសន្មត់ថា មិនមែនជាសង្រ្គាមត្រជាក់សម័យថ្មីឡើយ ដោយវាមានភាពខុសគ្នាស្រឡះ ទៅនឹងសង្រ្គាមត្រជាក់រវាងអាមេរិក និងអតីតសហភាពសូវៀត ដែលស្ទើតែមិនមានទំនាក់ទំនងពាណិជ្ជកម្មនឹងគ្នាទាល់តែសោះ។ ចំណែកឯបច្ចុប្បន្ន ចិន-អាមេរិកវិញកំពុងរកស៊ីជាមួយគ្នាលើគ្រប់វិស័យ រួមទាំងមានកិច្ចសន្យាផ្នែកសង្គមជាច្រើន។ ជាក់ស្ដែងមាននិស្សិតចិនជាង ៣៧៥,០០០នាក់កំពុងសិក្សា និងមានភ្ញៀវទេសចរចិនពី ៣-៤លាននាក់នៅសហរដ្ឋអាមេរិក។ ដូច្នេះវាមិនមែនជាសង្រ្គាមត្រជាក់ទេ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិនត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមពៀងដំណាក់កាលទី ១ ស្ដីពីជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំង ២ ខណៈទីតាំងចំនួនពីរសម្រាប់រៀបចំពិធីចុះហត្ថលេខា កំពុងស្ថិតនៅក្នុងការពិចារណា ដូចជានៅរដ្ឋអ៊ីយ៉ូវ៉ា (Iowa) ទឹកដីអាមេរិកដែលធ្លាប់មានប្រវត្តិផ្សាភ្ជាប់ជាមួយលោក ស៊ី និងមួយទៀតនៅប្រទេសក្រិក ដែលទំនងជាកើតឡើងកំឡុងពាក់កណ្តាលខែវិច្ឆិកានេះ៕


ចែករំលែក៖