តុលាការមួយក្នុងប្រទេសវៀតណាមបានឃុំខ្លួនបុរសជនជាតិអូស្ត្រាលីម្នាក់ អាយុ៧០ឆ្នាំទៅហើយនោះ ឲ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ ចោទប្រកាន់ពីបទធ្វើអំពើភេរវកម្ម ។
សារព័ត៌មានប៊ីប៊ីស៊ី ផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ថា លោក Chau Van Kham ជាអ្នកធ្វើការនៅក្នុងឡត៍នំ ដែលចូលនិវត្តន៍ម្នាក់ ហើយជាក្រុមអង្គការសិទ្ធិមនុស្ស Viet Tan ដែលរដ្ឋាភិបាលវៀតណាមចាត់ទុកជាអង្គការភេរវកម្មមួយនៅក្នុងប្រទេសនេះ ។
លោក Kham ត្រូវបានចោទប្រកាន់ពីបទជ្រើសរើសសមាជិករបស់ខ្លួន, រៃអង្គាសប្រាក់ ដើម្បី«សកម្មភាពប្រឆាំងរដ្ឋអំណាច» និងចូលរួមបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅក្នុងប្រទេសអូស្ត្រាលី ។
ប៉ុន្តែស្ថិតនៅក្នុងតុលាការនោះ លោក Kham បានច្រានចោលរាល់ការចោទប្រកាន់ ។ គាត់ថា សកម្មភាពរបស់គាត់ គឺសន្តិវិធីនោះទេ ។
អង្គការសិទ្ធិមនុស្ស Viet Tan បានច្រានចោលការចោទប្រកាន់នេះ ហើយបានហៅករណីថា ជាការកាត់ក្តីមួយគួរឲ្យខ្មាន់អៀន ។ អង្គការនេះចោទប្រកាន់រដ្ឋាភិបាលវៀតណាម ថាបានបំភិតបំភ័យគំរាមកំហែងដល់អ្នកតស៊ូមតិដើម្បីសិទ្ធិមនុស្ស ។ អង្គការនេះ បានបញ្ជាក់ថា លោក Kham ស្ថិតនៅក្នុងប្រទេសវៀតណាមដើម្បីគោលដៅស្រាវជ្រាវអំពីសិទ្ធិមនុស្សស៊ីវិល នៅពេលត្រូវចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០១៩ ។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សបានបញ្ជាក់ថា វៀតណាមបានទម្លាក់ចោលការចោទប្រកាន់ទោសប្រហារជីវិតដល់លោក Chau Van Kham ដោយអនុវត្តទោសតាមការកំណត់វិញ ។
លោក Phil Robertson អគ្គនាយករងក្រុមសង្កេតការសិទ្ធិមនុស្សអាស៊ីបាននិយាយថា «លោក Van Kham ត្រូវបានអាជ្ញាធរចាប់ដាក់គុកច្រវាក់ ហើយចោទប្រកាន់ដោយហេតុផលនយោបាយ ។ នេះជាការបង្ហាញឲ្យឃើញពីការភ័យខ្លាចរបស់រដ្ឋអំណាចវៀតណាមចំពោះពលរដ្ឋរបស់ខ្លួនដែលប្រើប្រាស់សិទ្ធិរបស់ពួកគេដើម្បីទាមទារលទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះ» ។
តុលាការវៀតណាមបានចេញបញ្ជាផងដែរថា លោក Chau Van Kham ដែលបានភៀសខ្លួនពីប្រទេសកំណើតវៀតណាមទៅក្រៅប្រទេសក្រោយសង្គ្រាមនៅវៀតណាម ហើយបានទៅដល់ប្រទេសអូស្ត្រាលីក្នុងឆ្នាំ១៩៨៣នោះ នឹងត្រូវនិរទេសខ្លួនក្រោយពីចេញពីគុក ។
វៀតណាមមានការកែទម្រង់សេដ្ឋកិច្ចបែបសេរីខ្លះៗក៏ពិតមែន ប៉ុន្តែប្រទេសនេះនៅតែជាប្រទេសដែលមានគណបក្សតែមួយគឺគណបក្សកុម្មុយនីស្តដដែល ហើយដែលតែងតែដាក់ទោសទៅលើអ្នកប្រឆាំងនោះ ។
នៅក្នុងឆ្នាំ២០១៩នេះ របាយការណ៍របស់ក្រុមឃ្លាំមើលសិទ្ធិមនុស្សនៅវៀតណាមបញ្ជាក់ថា រដ្ឋាភិបាលបានដាក់ទោសអ្នកប្រឆាំងកាន់តែមានរយៈពេលវែង, ចេញបញ្ជាឲ្យវាយប្រហារអ្នកការពារសិទ្ធិមនុស្ស និងអនុម័តច្បាប់ ដែលបន្ថែមលើការគំរាមកំហែង សិទ្ធិក្នុងការបញ្ចេញមតិ ។
កាលពីខែមិថុនា តុលាការវៀតណាមមួយក៏បានកាត់ទោសពលរដ្ឋអាមេរិកម្នាក់ឈ្មោះ Michael Phuong Minh Nguyen ជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ ពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋអំណាច ៕ bbc