រថភ្លើង២ខ្សែស្ថិតនៅភាគខាងកើតរបស់ប្រទេសបង់ក្លាដែស កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបុកគ្នា បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច១៤នាក់ និងជាង៤០នាក់រងរបួស ។ នេះបើតាមមន្ត្រីរបស់ប្រទេសនេះបញ្ជាក់ប្រាប់បណ្តាញផ្សព្វផ្សាយព័ត៌មាន ។
ប្រភពបានបញ្ជាក់ថា ហេតុការណ៍បានកើតឡើងនៅពេលដែលរថភ្លើងមួយខ្សែកំពុងឆ្ពោះទៅកាន់ទីក្រុងកំពង់ផែ Chittagong ក៏បានបុកជាមួយរថភ្លើងមួយខ្សែដែលទិសដៅទៅកាន់រដ្ឋធានី ដាកា នៅវេលាម៉ោង៣រំលងអធ្រាត្រ (ម៉ោងនៅក្នុងតំបន់) ស្ថិតនៅចំណុច Brahmanbaria ចម្ងាយប្រហែល១០០គីឡូម៉ែត្រភាគខាងកើតទីក្រុង ដាកា ។
មន្ត្រីក្នុងតំបន់បានបញ្ជាក់ថា ហេតុការណ៍រថភ្លើងបុកគ្នាមានសភាពធ្ងន់ធ្ងរ ក្បាលរថភ្លើងបុកគាបជាប់ចូលគ្នាតែម្តង ។ ក្រុមជួយសង្គ្រោះបាននិងកំពុងគាស់កកាយ និងរកអ្នកដំណើរដែលជាប់នៅគ្រោងដែក ខាងក្នុងទូរថភ្លើង ។
លោក Hayat Ud Dowlah Khan អភិបាលស្រុក Brahmanbaria បានប្រាប់អ្នកកាសែតរ៉យទ័រថា មកដល់ពេលនេះ សាកសព១៤នាក់ យកចេញពីគ្រោះថ្នាក់នេះ ។
លោកថា ជនរងគ្រោះបាត់បង់ជីវិតទំនងកើនឡើងច្រើនជាងនេះ ។
ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រភពបញ្ជាក់ថា មនុស្សជាង៤០នាក់ដែលរងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
គេនៅមិនទាន់ច្បាស់ប្រាកដទេថា មូលហេតុអ្វីបានជារថភ្លើងនេះរត់នៅខ្សែដែកជាន់គ្នាបែបនេះ ។
សូមបញ្ជាក់ថា គ្រោះថ្នាក់រថភ្លើងនៅក្នុងប្រទេសបង់ក្លាដែសអំឡុងពេលកន្លងមកនេះ បានកើតឡើងដោយសារតែការមិនត្រួតពិនិត្យដិតដល់ចំណុចខ្សែខ្វែងរថភ្លើងដែលឆ្លងកាត់ ហើយមួយផ្នែកទៀតនោះផ្លូវដែកមានសភាពទ្រុឌទ្រមផងដែរ ៕