ខេត្តព្រៃវែង៖ ដើម្បីចង់រក្សាប្រពៃណីនិងទំនៀមទម្លាប់និងវប្បធម៌ពីបុរាណមកនោះ នៅថ្ងៃ១៥ កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋនៅស្រុក ពារាំង ខេត្តព្រៃវែងនិងពុទ្ធបរិស័ទចំណុះជើងវត្ត វត្តមេ.សប្រចណ្ឌ បានរៀបចំក្បួនដង្ហែព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ អមដោយសម្លៀកបំពាក់បុរាណសម័យនគរភ្នំ មហានគរ ឧត្តុង និងអាណានិគមនិយមបារាំង មើលទៅគួរឲ្យចាប់អារម្មណ៍។
បើតាមសំន្តីតំណាងអ្នករៀបចំកម្មវិធី បានឲ្យដឹងថា ការរៀបចំក្បួនដង្ហែដោយមានស្លៀកសម្លៀកបំពាក់បុរាណនេះ បានធ្វើឡើងនៅតាមដងផ្លូវស្ថិតនៅភូមិមេ.សប្រចាន់ ឃុំមេ.សប្រចណ្ឌ ស្រុកពារាំង ខេត្តព្រៃវែង ពេញមួយរសៀល ធ្វើឲ្យប្រជាពលរដ្ឋ ជាពិសេសក្មេងៗជំនាន់ក្រោយបានយល់ពីទំនៀមទម្លាប់ ការរស់នៅ និងមើលឃើញពីសម្លៀកបំពាក់ខ្មែរសម័យដើម ។
តំណាងកម្មវិធីរូបនេះ បានឲ្យដឹងបន្ថែមថា ការរៀបចំក្បួនដង្ហែព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ អមដោយសម្លៀកបំពាក់បុរាណសម័យនគរភ្នំ មហានគរ ឧត្តុង និងអាណានិគមនិយមបារាំង ធ្វើឡើងដើម្បីលើកស្ទួយវប្បធម៌ខ្មែរ និងចង់ឲ្យកូនខ្មែរជំនាន់ក្រោយ បានស្គាល់ពីសម្លៀកបំពាក់បុរាណទាំងនេះផង ៕ ប្រាថ្នា