ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ បានបើករថយន្ត ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតចតចោល បណ្តាលឲ្យក្រឡាប់រថយន្តខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ បានបើករថយន្ត ជ្រុលទៅបុករថយន្ត ដែលចតចោល បណ្តាលឲ្យក្រឡាប់រថយន្តខ្លួនឯង។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ១៧៨ កែងផ្លូវលេខ៦៣ ក្បែរវត្តកោះ ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្តម៉ាក Rav4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-3152 ធ្វើដំណើរពីត្បូងទៅជើងតាមបណ្តោយផ្លូវលេខ៦៣ ខណៈមកដល់កែងផ្លូវលេខ១៧៨ រថយន្តបួងចង្កូតជ្រុលទៅបុករថយន្តស្តារិចពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AX-6593 ដែលចតនៅចញ្ចើមផ្លូវពីក្រោយពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើង ហើយនៅហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ គ្រាន់តែមានអ្នករងរបួសស្រាល ។

បន្ទាប់ពីកើតហេតុ រថយន្តបង្ក និងរថយន្តរងគ្រោះ ត្រូវបានសមត្ថកិច្ចវាសវែង យកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖