ព័ត៌មានទាន់ហេតុការណ៍៖

បុរសបើករថយន្ត បុករថយន្តមួយគ្រឿង ហើយបើករត់ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌា បណ្តាលឲ្យបុរសម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ: បុរសទំនងបើករថយន្ត ជ្រុលទៅបុករថយន្តមួយគ្រឿង ហើយបើករត់ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌា បណ្តាលឲ្យបុរសម្នាក់រងរបួស។

ហេតុការណ៍នេះ បានកើតឡើងកាលពីរម៉ោង ២និង២០នាទីរំលងអធ្រាត្រ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវព្រះសុធារស ខាងមុខនិងផ្សារទំនើបអ៊ីអន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តមួយគ្រឿង ម៉ាករ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-3339 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុធារស ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ រថយន្តបានព្យាយាមវ៉ាជែងខាស្តាំរថយន្តមួយគ្រឿងទៀតជ្រុលទៅបុកពីក្រោយរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P-0936 ដែលឈប់ចតស្ងៀមនៅលើចិញ្ចើម បណ្តាលឲ្យរថយន្តខ្ទាតទៅបុក ទ្វារផ្ទះប្រជាពលរដ្ឋ។

ភ្លាមៗនោះរថយន្តបង្ក បានបន្ថែមល្បឿនបើករត់បានជ្រុលទៅបុកពីក្រោយម៉ូតូកង់បីឥណ្ឌា១គ្រឿងទៀត ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1GR-7796 ដែលបើកបរដោយបុរសម្នាក់ កំពុងឈប់ចតរង់ចាំភ្ញៀវ នៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ រយះចិញ្ចើម ក្រោយកើតហេតុអ្នកបើក រថយន្តបង្ក ត្រូវប្រជាពលរដ្ឋ នាំគ្នាឃាត់ខ្លួនប្រគល់ ឲ្យសមត្ថកិច្ចមូលដ្ឋាន

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ និងបានរាយការណ៍ ជូនជំនាញចរាចរ ឲ្យចុះមកវាស់វែង ស្ទូចយករថយន្តទាំងពីរគ្រឿង និងម៉ូតូកង់បីឥណ្ឌា ទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ


ចែករំលែក៖