ភ្នំពេញៈ ការព្យាយាមគេចវេសមិនព្រមសងលុយទៅអោយម្ចាស់ទ្រព្យតាមការសន្យា បានធ្វើអោយម្ចាស់លុយដកសេចក្តីចិត្តនិងដាក់ការសង្ស័យថានេះជាល្បិចឆបោកយកប្រាក់រាប់ម៉ឺនដុល្លារ ហើយត្រូវម្ចាស់លុយចាប់ខ្លួនស្ត្រីសង្ស័យប្រគល់អោយនគរបាលព្រហ្មទណ្ឌខណ្ឌដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ស្ត្រីសង្ស័យដែលរងនូវការចោទប្រកាន់មានឈ្មោឆន សុវណ្ណ អាយុ៣៨ឆ្នាំ ជាអ្នកលក់ដូរនៅក្នុងផ្សាច្បារអំពៅ មានទីលំនៅភូមិ កណ្តាល១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ត្រូវបានចាប់ខ្លួនកាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិការ ឆ្នាំ២០១៩ នៅជិតអធិការដ្ឋាននគរបាលខណ្ឌ នៅគ្រាដែលស្ត្រីសង្ស័យមកទទួលយកកូនចេញពីសាលារៀន ។
ម្ចាស់លុយម្នាក់សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា តាមដឹងត្រួសៗលុយដែលស្ត្រីសង្ស័យឆបោកយកនោះមានប្រហែលជាជាង៣ម៉ឺនដុល្លារ អ្នកខ្លះអស់៥០០ដុល្លារ ខ្លះទៀតអស់៥០០០ទៅ១ម៉ឺនដុល្លារ ចំណែកអ្នកខ្លះលេងតុងទីនជាមួយពេលដេញបានអត់អោយលុយគេទេ យកលេសនេះ លេសនោះមិនចេះចប់ ។ ល្បិចដែលស្ត្រីសង្ស័យយកមកប្រើដើម្បីបោកលុយគេគឺយកឈ្មោះប្តីដែលមានតួនាទីជានាយរងប៉ុស្តិ៍នគរបាលច្បារអំពៅ២ទៅប្រើ ដើម្បីខ្ចីលុយគេ ដោយប្រាប់ថាយកលុយទៅរត់ការតម្លើងតួនាទីប្តី ពេលខ្លះទៀតទៅទៅរាប់លុយគេ២០ឬ៣០ លានរៀល ដោយសន្យាថារាប់លុយអោយ១ខែ៨០ម៉ឺនរៀងជាប្រចាំ ។ ដល់ពេលបានលុយដល់ដៃស្ត្រីរូបនោះយកទៅចងការបន្តព្រោះបានការប្រាក់ខ្ពស់ ចំណែកការសន្យារាប់លុយអោយប្រចាំខែទៅអោយដើមបំណុលគឺមិនអនុវត្តតាមនោះឡើយថែមទាំងគេចវេសមិនសងទៅដើមបំណុលទៀត ។ ដោយមើលឃើញថាស្ត្រីសង្ស័យមានចេតនាបោកប្រាស់លុយ ម្ចាស់លុយ៤ទៅ៥នាក់បានដាក់ពាក្យបណ្តឹងដើម្បីអោយស្ត្រីសង្ស័យចូលខ្លួនមកដោះស្រាយជាមួយម្ចាស់បំណុល ។ បន្ទាប់ពីដឹងថាម្ចាស់បំណុលដាក់ពាក្យបណ្តឹងស្ត្រីសង្ស័យគេចខ្លួនរហូត មកដល់ពេលនេះជិត៥ខែហើយ រហូតដល់ម្ចាស់បំណុលបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីអោយស្ថាប័នមានសមត្ថកិច្ចជួយអន្តរាគមន៍ លុះនៅថ្ងៃទី១៣ ខែវិច្ឆិការ ឆ្នាំ២០១៩ ម្ចាស់បំណុលឃើញស្ត្រីសង្ស័យមកយកកូនចេញពីសាលារៀនក៍ចាប់ខ្លួនប្រគល់អោយនគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅតែម្តង ។
លោកពូម្នាក់ឈ្មោះ ស្រី ផុន អាយុ៥៣ ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ បានប្រាប់ថា ខ្ញុំត្រូវស្ត្រីសង្ស័យប្រើល្បិចខ្ចីលុយចំនួន៣៥០០ដុល្លារ ដោយសន្យាថារាប់អោយជាប្រចាំខែ តែផ្ទុយទៅវិញអត់រាប់លុយអោយវិញនោះទេ ថែមទាំងគេចវេសទៀត ទើបសម្រេចចិត្តដាក់ពាក្យបណ្តឹងនៅគ្រប់កន្លែង ហើយត្រូវម្ចាស់បំណុលផ្សេងទៀតចាប់ខ្លួនប្រគល់អោយសមត្ថកិច្ច ។ ឥឡូវដើម្បីកុំអោយវែងឆ្ងាយខ្ញុំក៍ដូចជាម្ចាស់បំណុលផ្សេងទៀតបានយល់ព្រមអោយស្ត្រីសង្ស័យធ្វើកិច្ចសន្យាសងជាប្រចាំខែ អោយគ្រប់ចនួនទឹកលុយដែលស្ត្រីសង្ស័យខ្ចីតែមានល្បិចកលឆបោកប្រាក់ ។ នៅចំពោះមុខសមត្ថកិច្ចស្ត្រីសង្ស័យបានយល់ព្រមចេញសំណងនិងធ្វើកិច្ចសន្យាទៅតាមការចង់បានរបស់ម្ចាស់បំណុល ។
លោកម៉ៅ សឿត អធិការរងទទួលការងារព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានអោយដឹងថា ករណីនេះមិនមែនជាបទល្មើសព្រហ្មទណ្ឌទេ ជាបទល្មើសរដ្ឋប្បវេណី ឥឡូវនេះភាគីទាំង២បានព្រមព្រៀងគ្នាបញ្ចប់បញ្ហា ដោយភាគីខាងស្ត្រីសង្ស័យយល់ព្រមធ្វើកិច្ចសន្យាសងលុយគ្រប់ចំនួនទៅអោយម្ចាស់បំណុល ចំណែកភាគីខាងម្ចាស់បំណុលយល់ព្រមទទួលយកសំណើរទៅតាមសំណូមពររបស់ក្រុមគ្រួសារស្ត្រីសង្ស័យ ៕ សណ្តោស