ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាគសពអណ្តែតទឹកនៅក្នុងទន្លេវ៉ៃគោក្រុងស្វាយរៀង សង្ស័យជារឿងឃាតកម្ម

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់ពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ១ នាំគ្នាមកចោមរោមមើល ខណៈប្រទះឃើញសាកសពអណ្តែតទឹកក្បែរគល់ស្ពានហាយវ៉េតាមបណ្តោយផ្លូវជាតិលេខ១ កាលពីវេលាម៉ោង៣ និង០០នាទីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលអះអាងថា សពនេះត្រូវគេស្គាល់ថា ឈ្មោះ សំ មករា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិតាកុត ឃុំត្រពាំងស្តៅ ស្រុករមាសហែក មុខរបរសន្តិសុខឯកជនក្រុងបាវិតបានបាត់ខ្លួនពីកន្លែងស្នាក់នៅក្រុងបាវិត ។

តាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុមានក្មេងៗ ប្រទះឃើញសាកសពអណ្តែតទឹកហើមស្ពីងនៅចំណុចគល់ស្ពានហាយវ៉េស្ថិតនៅភូមបាក់រនាស់សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ធ្វើឲ្យមានកាភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់សមត្ថកិច្ច និងមហាជនមកឈមើលអ៊ូអរពេញលើស្ពានផ្លូវជាតិលេខ១តែម្តង ។

បើតាមការអះអាងឳពុកម្តាយសពប្រាប់ថា ជនរងគ្រោះឈ្មោះ សំ មករា អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី២ ជាសិស្សរៀនពូកែគ្រប់មុខវិជ្ជា ហើយបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិហើយបានមករៀននៅសកលវិទ្យាល័យស្វាយរៀងជានិស្សិតឆ្នាំទី២ ហើយមកស្នាក់នៅក្នុងវត្តព្រៃឆ្លាក់ក្រុងស្វាយរៀង ។ ដោយជីវភាពគ្រួសារមានការខ្វះខាតគ្មានលទ្ធភាពឲ្យកូនសិក្សាបន្តកូនប្រុសគាត់បានសម្រេចចិត្តផ្អាកការសិក្សានៅសកលវិទ្យាល័យហើយទៅធ្វើការជាសន្តិសុខឯកជននៅក្រុងបាវិតជាមួយឳពុក ។

ប្រភពបានបន្តទៀតថា ស្រាប់តែបានបាត់ខ្លួនកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្រុងបាវិតមិនដឹងថា ទៅណានោះទេលុះដល់ថ្ងៃទី១២ ខែវិច្ឆិកា មិនឃើញកូនត្រឡប់ទៅធ្វើការវិញហើយទូរសព្ទ័ក៏មិនចូល ពេលកូនគាត់បាត់ខ្លួននោះមានតែសំលៀកបំពាក់មួយចង្កេះ និងលុយកាក់បន្តិចបន្តួចប៉ុណ្ណោះទើបរូបគាត់ជាឳពុកម្តាយមានការព្រួយបារម្ភបានថតរូបកូនប្រុសរបស់គាត់ប្តឹងសមត្ថកិច្ចឲ្យជួយរក និងមករកកន្លែងកូនធ្លាប់មកស្នាក់នៅក្នុងវត្តព្រៃឆ្លាក់តែគ្មានដំណឹងសោះ ។

រហូតដល់វេលាម៉ោង២ និង០៥នាទីរសៀល ថ្ងៃទី១៣ វិច្ឆិកា ស្រាប់តែសមត្ថកិច្ចប្រាប់ថា៖ប្រជាពលរដ្ឋអ្នកនេសាទត្រីប្រទះឃើញសពអណ្តែតទឹកក៏រាយការណ៍ជូនសមត្ថកិច្ចឲ្យមកពិនិត្យមើលហើយសមត្ថកិច្ចក៏បានទូរសព្ទ័ហៅឲ្យមកមើលសពអណ្តែតទឹកនេះក៏ស្គាល់ថាពិតជាកូនប្រុសរបស់គាត់ដែលបានបាត់ខ្លួននោះហើយ ។

បន្ទាប់ពីក្រុមគ្រូពេទ្យ និងសមត្ថកិច្ចពិនិត្យសពរួចមកបានឲ្យដឹងថា បើតាមស្ថានភាពសពអាចស្លាប់ក្នុងអំឡុង៣ទៅ៤ថ្ងៃប៉ុណ្ណោះ បើស្លាប់តាំងពីពេលបាត់ខ្លួនថ្ងៃទី៧ វិច្ឆិកានោះ សពអាចត្រីចឹកស៊ីធ្លុះធ្លាយលិចទឹកបាត់ហើយដូច្នេះសពនេះអាចទើបតែស្លាប់រយៈពេល៧៣ម៉ោងទៅ៨៥ម៉ោងប៉ុណ្ណោះ ក៏ប៉ុន្តែមិនអាចបញ្ជាក់បានថាស្លាប់ដោយមូលហេតុអ្វីពិតប្រាកដនោះទេ ។

បើតាមលោកវេជ្ជបណ្ឌិតសូ បូរាណ ក្រុមបច្ចេកទេសពិនិត្យធ្វើកោសល្យវិច័យបានមានប្រសាសន៍ថា ដោយសពមានសភាពហើមខ្លាំងមិនអាចពិនិត្យឃើញស្នាមជាំបាន គឺពិនិត្យត្រឹមការបាកឆ្អឹង ជើងឆ្អឹងដៃ ក.ក និងក្បាលគឺពុំមានស្លាកស្នាមឬបែកបាក់ទេ ដូច្នេះការសន្និដ្ឋានជំហ៊ានដំបូងគឺស្លាប់ដោយលង់ទឹក ។

ក្រោយពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖