ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូដល់កន្លែងជាងធ្វើម៉ូតូបានសម្រេច គេចខ្លួនជិតមួយខែត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងបានសម្រេច ហើយគេចខ្លួនបាត់ជិតមួយខែត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់ ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចមាត់ទន្លេ មុខវត្តឧណ្ណាលោម ផ្លូវព្រះសុីសុវត្ថិ ភូមិទី១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ កែវ វិច្ឆិកា ហៅ អាម៉ាប់ ភេទ ប្រុស អាយុ ២៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមាន ទីលំនៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ សែម ចាន់ល័ក្ខ ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកនាំភ្ញៀវទេសចរណ៏មានទីលំនៅផ្ទះគ្មានលេខផ្លូវលំ ភូមិព្រៃព្រីងជើង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សម្ភារបាត់បង់៖ ម៉ូតូមួយគ្រឿងម៉ាក Honda C50 គុបមូលពណ៍ស្លែរ ពុំមានស្លាកលេខ។

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២២និង៣០នាទី ជនរងគ្រោះឈ្មោះ សែម ចាន់ល័ក្ខ បានជិះម៉ូតូមួយគ្រឿងម៉ាកHonda C50គុបមូល ពណ៍ស្លែរ ពុំមានស្លាកលេខ ចេញពីពោចិនតុងដើម្បីមកហាត់ប្រាណនៅមាត់ទន្លេ ពេលមកដល់ផ្លូវលេខ១៧៨ កែងផ្លូវព្រះសុីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ម៉ូតូបានដាច់ច្រវ៉ាក់ជិះពុំកេីត ។ ពេលនោះជនរងគ្រោះក៏បណ្តើរទៅរកជាងធ្វើ ពេលបណ្តើរមកដល់ក្រោយវត្តឧណ្ណាលោម ក៏បានជួបជនសង្ស័យឈ្មោះ កែវ វិច្ឆិកា មកសុំជួយបណ្តើរម៉ូតូទៅរកជាងធ្វើ ពេលបណ្ដើរមកដល់ចំណុចផ្លូវលេខ១៥៤ ជាប់អតីត(T3) ភូមិទី៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ជនរងគ្រោះក៏ទុកម៉ូតូឲ្យជាងធ្វើ ដោយពេលនោះជនរងគ្រោះអត់លុយក៏ដើរទៅយកលុយពីបងប្អូនក្បែរនោះ ។

មន្រ្តីដដែលបន្តថា ពេលជនរងគ្រោះមិននៅ ឆ្លៀតឱកាសនោះជនសង្ស័យបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ទៅ លុះជនរងគ្រោះមកដល់កន្លែងជាងវិញ ជាងប្រាប់ថាមិត្តជិះម៉ូតូទៅបាត់ហើយ ទើបបង្កការភ្ញាក់ផ្អើលតែម្តង ។ បន្ទាប់មកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីស្រាវជ្រាវតាមចាប់ជនសង្ស័យរូបនោះយកមកចាត់ការតាមច្បាប់ ។

ក្រោយពីទទួលបានពាក្យបណ្តឹងជនរងគ្រោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ បានធ្វើការស្រាវជ្រាវតាមជំនាញ រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០០និង៣០នាទីរំលងអាធ្រាត្រ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះកែវ វិច្ឆិកា នៅចំណុចមាត់ទន្លេ មុខវត្តឧណ្ណាលោម ផ្លូវព្រះសុីសុវត្ថិ នាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះធ្វើការសាកសួរ ។

ចំពោះមុខកម្លាំងខណ្ឌ ប៉ុស្តិ៍កំពុងប្រើប្រាស់វិធានការជំនាញសួរចំលើយស្រាវជ្រាវរកបក្ខពួកនិងសកម្មភាពដែលបានប្រព្រឹត្តកន្លងមកហើយកសាងសំណុំរឿងតាមនីតិវិធី ៕ស រស្មី


ចែករំលែក៖