ព័ត៌មានទាន់ហេតុការណ៍៖

“នាឡិកាដាស់វិញ្ញាណ” ភាពយន្តខ្មែរដំបូងដែលនឹងចាក់បញ្ចាំងនៅរោងភាពយន្តអន្តរជាតិ៦ប្រទេស

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តខ្នាតធំរឿង”នាឡិកាដាស់វិញ្ញាណ”  ដែលជាភាពយន្តបណ្តាក់ទុនផលិតទ្រង់ទ្រាយធំលើកដំបូងរបស់ផលិតកម្ម LD Picture នោះ ត្រៀមចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនៅកម្ពុជាចាប់ពីថ្ងៃទី២១ខែវិច្ឆិកានេះតទៅ។ ក្រៅពីការចាក់បញ្ចាំងនៅកម្ពុជាភាពយន្តដែលមានគុណភាពមួយនេះក៏ត្រៀមខ្លួនចេញទៅចាក់បញ្ចាំងនៅរោងភាពយន្តអន្តរជាតិយ៉ាងតិច៦ប្រទេសក្នុងតំបន់អាស៊ាន ផងដែរ។

ជាការភ្ញាក់ផ្អើល និងសាទរចំពោះផលិតករកម្ពុជា ដែលបានសម្រិតសម្រាំងស្នាដៃពិសេសរហូតបណ្តារោងភាពយន្តជាច្រើនប្រទេសមានការចាប់អារម្មណ៍ បើទ្វារស្វាគមន៍ភាពយន្តរបសកម្ពុជា។

ថ្លែងក្នុងកម្មវិធីសនិសីទសារព័ត៌មួយកាលពីរាត្រីថ្ងៃទី ១៥ ខែវិច្ឆិកានេះ ចាងហ្វាងផលិតកម្ម LD Picture លោក លៀក លីដា បានលើកឡើងថា កន្លងមកផលិតកម្មលោកបាន ផលិតភាពយន្តប្រមាណជិត៣០រឿងរួចមកហើយ ដែលភាគច្រើនទទួលបានជោគជ័យលើទីផ្សារក្នុងស្រុកខ្លាំង ហើយលោកបានសន្សំថវិកាដែលទទួលបានពីការផលិតភាពយន្តកន្លងមកមក បណ្តាក់ទុនផលិតភាពយន្តខ្នាតធំលើកដំបូងសម្រាប់ផលិតកម្មលោកឡើង។

លោកថាចាយពេលក្នុងការផលិតសរុបរយៈពេលជាងមួយឆ្នាំ ភាពយន្តនេះត្រូវបានសម្រិតសម្រាំងយ៉ាងពិសេសដើម្បីគុណភាពខ្ពស់មួយដើ​ម្បីចូលរួមប្រកួតប្រជែងទីផ្សារក្រៅស្រុក។

លោកលើកឡើងថា ភាពយន្តនេះនឹងចាកបញ្ចាំងនៅរោងផាពយន្តនៃបណ្តាប្រទេសក្នុងតំបន់ ដូជជា ប្រទេស ថៃ ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបូរី និងប្រ៊ុយណេ ជាដើម ហើយក៏មានបណ្តាប្រទេសមួយចំនួនទៀតបាននឹងកំពុងស្ថិតក្នុងការចចារនៅឡើយ។ លោកថាចាយទុនជាង៤០ម៉ឺនដុល្លារអាមេរិក បើពឹងលើចំណូលក្នុងស្រុកគឺនឹងខាតច្រើន ហើយការចេញចាក់បញ្ចាំងនៅលើទីផ្សារក្រៅស្រុកពេលនេះក៏លោកនៅរងចាំលទ្ធផលនៅឡើយ។

លោកបន្តថា ឱកាសនេះគឺជាការបើកផ្លូវមួយសម្រាប់ផលិតករក្នុងស្រុកដ៏ទៃទៀតដែលចង់បានបទពិសោធន៍ថ្មីលើទីផ្សារក្នុងស្រុក ដែលលោកថាបើទោះបីជាខាតបង់ច្រើនលើការផលិតនេះលោកនឹងនៅតែបន្តចិញ្ចឹមចិត្តបន្តផលិតភាពយន្តថ្មីខ្នាតធំមានគុណភាពប្រកួតប្រជែងលើទីផ្សារក្នុងតំបន់ តាមរយៈការសន្សំថវិកាចំណេញពីការផលិតភាពយន្តបន្តទៀត។

ក្រោយទស្សនាភាពយន្តខាងលើចប់ អ្នកនិពន្ធ និងដឹកនាំរឿងល្បីឈ្មោះ លោក ហ៊ុយ យ៉ាឡេង បានថ្លែងការកោតសរសើរខ្លាំងចំពោះការខិតខំផលិតយ៉ាងសម្រិតសម្រាំងនិងការលះបង់ខ្ពស់ទាំងកម្លាំងកាយចិត្ត និងទុន របស់ផលិតកម្ម LD Picture។ លោកថានេះក៏ជាឱកាសមួយសម្រាប់ផលិតករដទៃដកស្រង់បទពិសោធន៍ ។

លោកថាការចំណាយទុនច្រើននេះក៏សមល្មម ឬប្រហាក់ប្រហែលទៅនឹងការចំណាយរបស់ផលិតករក្នុងតំបន់ ដើម្បីបង្កើតភាពយន្តមានគុណភាព មានបច្ចេកវិទ្យាផលិតទំនើបស្របតាមស្តង់ដារទំនើប។ លោករំពឹងថាទស្សនិកជនពិតជាភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខ្លាំងចំពោះស្នាដៃថ្មីមួយនេះ ដែលមិនចាញ់ភាពយន្តរបស់ប្រទេសជិតខាង។

គួរបញ្ជាក់ដែរថាក្រៅពីជាភាពយន្តបែបរន្ធត់ និងកម្សត់ រឿង “នាឡិកាដាស់វិញ្ញា” ក៏បង្កប់ដោយអត្ថន័យអប់រំស៊ីជម្រៅជុំវិញសេចក្តីសុខសុភមង្គលនៅក្នុងក្រុមគ្រួសារផងដែរ៕ វឌ្ឍនា


ចែករំលែក៖