ខេត្តកំពង់ស្ពឺ៖ ក្រោយពេលដែលសមត្ថកិច្ចចេញប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទូទាំងប្រទេស ស្របតាមអនុសាសន៍សម្តេចតេជោរួចមក គេសង្កតេឃើញថា ការដឹកជញ្ជូនឈើរបស់ក្រុមឈ្មួញ ហាក់បីដូចជាថមថយបន្តិច ។ តែមួយរយះចុងក្រោយនេះ ឈ្មួញបានធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងកក្រើកឡើងវិញ ដែលមើលទៅហាក់ពុំមាន ការខ្លាចរអាច្បាប់បន្តិចណាទាល់តែសោះ ។
មានការលើកឡើងផងដែរថា កន្លងមកបើទោះជាមានការបង្រ្កាបឈើរបស់ឈ្មួញរូបនេះក្តី តែសមត្ថកិច្ច មិនដែលឃាត់ខ្លួនមេឈ្មួញរូបនេះ ចាត់ការតាមច្បាប់ម្តងណាឡើយ ។ ជាក់ស្តែងកាលពីពេលកន្លងទៅ សមត្ថកិច្ចមួយក្រុមបានបង្ក្រាប ឈើរបស់គេ តែមិនបានចាប់ខ្លួននោះទេ បើតាមប្រភពប្រាប់ថា គេចំណាយ លុយអស់ជាច្រើនម៉ឺនដុល្លារ ដើម្បីបានរួចផុតពីការចាប់ខ្លួន ជាមួយវត្ថុតាងឈើរបស់គេ ។
យោងតាមសេចក្តីរាយការណ៍ ឈ្មួញរូបនេះធ្វើសកម្មភាពបទល្មើសព្រៃឈើ ក្នុងខេត្តពោធិ៍សាត់ ដោយដឹកជញ្ជូនឈើចេញពីស្រុកវាលវែង ហើយបាននិងកំពុងសម្រុកកាប់ឈើយ៉ាងសកម្មផងដែរ ។ ចំណែកមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធមិនបានចាត់វិធានការទប់ស្កាត់នោះទេ ព្រោះម្នាក់ទទួលបានផលប្រយោជន៍ មួយចំនួន រួមនឹងមានអ្នកមានអំណាច កាងពីក្រោយទៀតផង ។ សូម្បីតែកម្លាំងសមត្ថកិច្ចចម្រុះដែល មានតួនាទីក្នុងការបង្ក្រាបបទល្មើសព្រៃឈើនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាច្រើនករណីកន្លងមក ក៏មិនហ៊ានប៉ះពាល់មេឈ្មួញ ណុប ឌី ហៅឆើត នោះដែរ ព្រោះឈ្មួញនេះ មានខ្នងបង្អែករឹងមាំខ្លាំងបំផុតនៅទឹកដីខេត្តនេះ ។
សេចក្តីរាយការណ៍បន្តថា ហេតុនេះហើយទើបធ្វើឲ្យប្រជាពលរដ្ឋគ្មានជំនឿបន្តិចណាសោះទៅលើសមត្ថកិច្ចជំនាញ ក៏ដូចជាសមត្ថកិច្ចចម្រុះក្នុងការបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់និងកំពង់ស្ពឺជាខ្លាំង ។
មានការលើកឡើងផងដែរថា ការដែលមេឈ្មួញ ណុប ឌី ហៅឆើត ហ៊ានបន្តសកម្មភាពកាប់ឈើ ដឹកជញ្ជូនឈើចេញពីតំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្ដាល ក៏ដូចជាតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស ស្រុកវាលវែង ខេត្តពោធិ៍សាត់ យ៉ាងរលូន គឺដោយសារមានការឃុបឃិតពីមន្ត្រីបរិស្ថានប្រចាំតំបន់នោះរួមនឹងលោក ប៉ាន់ មរកតប្រធានមន្ទីរបរិស្ថានខេត្តតែម្តង ។
បើតាមប្រភពមួយទៀតបានលើកឡើងថា ការដែលមន្ត្រីបរិស្ថាននៅតំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្ដាល និងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការសម្របសម្រួលពីសំណាក់លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដែលល្បីល្បាញខាងពុករលួយជាយូរមកហើយ ។
ប្រភពស្និទ្ធនឹងមេឈ្មួញ ណុប ឌី ហៅឆើត បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញនេះនៅតែបន្តសកម្មភាពកាប់ឈើ ដឹកជញ្ជូនឈើពីក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ចូលមកខេត្តកំពង់ស្ពឺ យ៉ាងគ្មានញញើតអ្វីទាំងអស់ ។ ការដែលមេឈ្មួញម្នាក់នេះបន្តបំផ្លាញព្រៃឈើក្នុងខេត្តពោធិ៍សាត់ យ៉ាងមហន្តរាយ គឺមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនជាពិសេសសមត្ថកិចហចឈរជើងនៅក្នុងខេត្តពោធិ៍សាត់ ក៏ដូចជានៅក្នុងខេត្តកំពង់ស្ពឺតែម្តង ។ ជាក់ស្ដែងប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ក៏ដូចជាប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ព្រមទាំងមេរដ្ឋបាលព្រៃឈើនៃខេត្តទាំង២នាក់នេះ តែងតែឃុបឃិតឲ្យមេឈ្មួញ ណុប ឌី ហៅឆើត ដឹកជញ្ជូនឈើពីខេត្តពោធិ៍សាត់ ឆ្លងកាត់ខេត្តកំពង់ស្ពឺ ចេញទៅប្រទេសវៀតណាម តាមច្រកព្រំដែនក្នុងខេត្តតាកែវ និងខេត្តកំពត យ៉ាងសុខស្រួលដោយគ្មានការរំខានពីសំណាក់មន្ត្រីជំនាញណាម្នាក់ឡើយ ។
មហាជនសំណូមពរដល់ស្ថាប័នពាក់ព័ន្ឋសូមមេត្តាពង្រឹងវិធានការច្បាប់ធ្វើការបង្ក្រាបការចរាចរណ៍ឈើរបស់ឈ្មួញរូបនេះដើម្បីឲ្យមហាជនបានឃើញថា ការបង្ក្រាបគឺសុក្រិតយុត្តិធម៌ កុំឲ្យឈ្មួញខ្លះត្រូវចាប់ខ្លួនដាក់គុកដល់ទៅពីរដង ដោយសារការដឹកឈើនេះ ចំណែកឈ្មួញឈ្មោះណុប ឌី ហៅឆើត មានវាសនាបានរួចផុតពីការឃាត់ខ្លួន ក្នុងមុខរបរខុសច្បាប់មួយនេះរហូតមក ។ មហាជនរង់ចាំមើលថា តើស្ថាប័នពាក់ព័ន្ឋ ក៏ដូចជាសមត្ថកិច្ចជំនាញនៅកំពង់ស្ពឺហ៊ានបញ្ចេញកណ្តាប់ដៃបង្ក្រាបការដឹកជញញជូនឈើរបស់ឈ្មួញរូបនេះដែរ ឬយ៉ាងណា? ៕ សេនាស័ក្តិ