ព័ត៌មានទាន់ហេតុការណ៍៖

សត្វ៤០ប្រភេទផ្សេងគ្នា កំពុង​រស់នៅតំបន់ការ​ពារទេសភាពបឹងព្រែកល្ពៅក្នុងខេត្តតាកែវ

ចែករំលែក៖

ខេត្ត​តាកែវ​ ៖​ បច្ចុប្បន្ន​សត្វស្លាបនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មាន៤០ប្រភេទផ្សេងគ្នា ក្នុងនោះមាន​ ប្រភេទសត្វកុកក្រោងតូច-មធ្យមផងដែរ​ ។ នេះបេីតាមការអះអាងពីមន្ត្រិបរិស្ថាន​ដែលបានចុះសិក្សា​ ។

មន្ត្រី​បរិស្ថាន​ឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តតាកែវ កាលពីថ្ងៃម្សិលមិញ​ទី​១៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​បានចុះសិក្សា​ពិនិត្យ​ឃើញ​ថា​ នៅក្នុងតំបន់ការពារ​ទេស​ភាព​បឹងព្រែកល្ពៅ ថតបានហ្វូងសត្វកុកចុះស្វែងរកចំណីយ៉ាងច្រើន និងរស់នៅ​ ដោយរីករាយ។

គួរ​កត់​សម្គាល់​ថា​ ថ្មី​ៗ​កន្លង​មក​នេះ​ ក្រសួងបរិស្ថាន បានសហការជាមួយដៃគូ អាជ្ញាធរពាក់ព័ន្ធ បានចុះទៅសិក្សាអំពីសត្វស្លាបនៅក្នុងតំបន់ការពារ​ទេសភាពបឹងព្រែកល្ពៅ ហើយបានរកឃើញសត្វស្លាប ៤០ប្រភេទផ្សេងគ្នា ក្នុងនោះមានប្រភេទសត្វកុកក្រោងតូច-មធ្យមផងដែរ។

សូមរំលឹកថា រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ បានចេញអនុក្រឹត្យបង្កើតតំបន់ការពារទេសភាព​បឹងព្រែកល្ពៅ ដែលមានផ្ទៃដីទំហំ​៨.៣០៥ ហិកតាដែលស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តតាកែវ។

តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់សក្តានុពលដែល សម្បូរទៅ​ដោយសត្វស្លាបព្រៃ​ ។ តំបន់ការពារ​ ទេសភាព បង្កើតឡើងដើម្បីធានាថែរក្សា និងការពារសោភ័ណភាព ធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី វប្បធម៌ និងជីវៈចម្រុះនិងផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការ ប្រើប្រាស់ប្រកប​ ដោយ និរន្តរភាព ក៏ដូចជាលើកកម្ពស់ការចូលរួម របស់សហគមន៍មូលដ្ឋាននិងសាធារណជនក្នុងការរួមចំណែក ដល់​ ការ គ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិក្នុងតំបន់​ ការពារធម្មជាតិ​ ៕​ សតារា


ចែករំលែក៖