ពីដើមមកអាមេរិក ប្រើនយោបាយទណ្ឌកម្មទៅលើប្រទេសជាច្រើនជុំវិញពិភពលោក ពិសេសគឺប្រទេសដែលតែងតែប្រឆាំងជាមួយ អាមេរិក ក្នុងនោះមានអ៊ីរ៉ង់ គុយបា វេណេហ្ស៊ុយអែឡា… រួមទាំងចិននិងរុស្ស៊ីផងដែរ។ ប៉ុន្តែចាប់តាំងពី លោកត្រាំឡើងកាន់តំណែង ប្រធានាធិបតីអាមេរិកនៅខែមករាឆ្នាំ២០១៧ បន្ទាប់ពីជាប់ឆ្នោតនៅក្នុងការបោះឆ្នោតឆ្នាំ២០១៦ លោកត្រាំបានបន្ថែមនយោបាយ អាត្មានិយមមួយទៀតគឺដំឡើងពន្ធទំនិញចូលអាមេរិក។
គោលនយោបាយពន្ធដារបស់លោកត្រាំ មិនថាប្រទេសជាសត្រូវឬមិត្តនោះឡើយលោកត្រាំ ដំឡើងពន្ធទាំងអស់ឲ្យតែមិនស្តាប់បង្កាប់អាមេរិកនោះ។ទាំងនោះហើយបានធ្វើឲ្យប្រទេសជាសម្ព័ន្ធមិត្តរាប់សិបឆ្នាំ នៅអឺរ៉ុប កាន់តែឃ្លាតឆ្ងាយពីអាមេរិក។
នៅពេលនេះលោកត្រាំបន្តព្រមានដល់ប្រទេសចិនថានឹងដំឡើងពន្ធ លើទំនិញនាំចូលពីចិន ប្រសិនបើចរចាមិនត្រូវគ្នា។លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា បានបញ្ជាក់ថា «ប្រសិនបើយើងមិនទទួលបានកិច្ចព្រមព្រៀងជាមួយចិន នាពេលខាងមុខ យើងនឹងដំឡើងពន្ធខ្ពស់ជាងនេះទៅលើទំនិញចិន»។
ការវិភាគខាងលើរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្រោយពេលបណ្តាទីផ្សារនៅលើពិភពលោក កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើប្រទេសមហាអំណាចទាំងពីរ ដោយសង្ឃឹមថា អាមេរិកនឹងទទួលបានជោគជ័យ ឈានដល់កិច្ចព្រមព្រៀងដំណាក់កាលទីមួយ ដើម្បីកាត់បន្ថយភាពតានតឹង ក្នុងវិស័យពាណិជ្ជកម្ម។
កាលពីខែតុលា កន្លងមក ប្រធានាធិបតី ត្រាំ បានបង្ហាញពីគោលបំណង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងកិច្ចប្រជុំ APEC នៅប្រទេសឈីលី ប៉ុន្តែដោយសារតែបាតុកម្ម ធ្វើឲ្យរដ្ឋាភិបាលឈីលី ប្រកាសដកខ្លួនចេញពីការរៀបចំកិច្ចប្រជុំ ធ្វើឲ្យ APEC ត្រូវពន្យារពេល ហើយមកទល់ពេលនេះ មិនទាន់ប្រាកដថាជាប្រទេសណា ធ្វើជាម្ចាស់ផ្ទះនោះឡើយ។
នៅពេលនេះដែរ ទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន នៅតែមានចំណុចមួយចំនួន មិនទាន់ស៊ីសង្វាក់គ្នាពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង។ កន្លងមកប្រធានាធិបតី ដូណាល់ ត្រាំ បានយល់ព្រមលុបពន្ធដែលបានដំឡើងបន្ថែមលើទំនិញចិន។ ចំណែកទីក្រុងប៉េកាំង វិញ បានសន្យាទិញ ផលិតផលកសិកម្មពីអាមេរិក ប៉ុន្តែនៅមិនទាន់ច្បាស់លាស់នោះឡើយ។
កាលពីខែតុលា កន្លងមក លោក ត្រាំ និយាយថា ភាគីចិនបានយល់ព្រម ទិញផលិតផលកសិកម្មពីអាមេរិក មានតម្លៃប្រមាណ៥០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ ប៉ុន្តែទីក្រុងប៉េកាំងវិញ បានលើកឡើងថា ការទិញច្រើនឬតិច អាស្រ័យទៅលើតម្រូវការទីផ្សារ របស់ចិន៕