ភ្នំពេញ៖ ផ្លូវបេតុងមួយខ្សែដែលទ្រុឌទ្រោមជាយូមកហើយពិបាកដល់បងប្អូនប្រជាពលរដ្ឋរស់នៅនិងធ្វើដំណើរ ដែលស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ពេលនេះត្រូវបានរដ្ឋបាលសាលាខណ្ឌពោធិ៍សែនជ័យដាក់គ្រឿងចក្រឈូសឆាយចាក់ជាផ្លូវបេតុងថ្មីវិញដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ។
លោក សៅសារិទ្ធ មេភូមិត្រពាំងពោធិ៍បានប្រាប់ឲ្យដឹងថា ផ្លូវខាងលើនេះមានទទឹង៥ម៉ែត្រ និងបណ្តោយ២៦៣ម៉ែត្រ ។
លោកបញ្ជាក់ថា ផ្លូវខាងលើនេះកន្លងមកជាផ្លូវបេតុងដែលអាចប្រជាពលរដ្ឋធ្វើដំណើរបានល្អប្រសើ តែស្រាប់តែមានក្រុមហ៊ុនមួយដែលចាក់ដីពុះដីឡូត៍លក់និងបើករថយន្តធុនធំឆ្លងកាត់ជារៀងថ្ងៃធ្វើឲ្យផ្លូវរងនូវការខូចខាតពេលភ្លៀងមកម្តងៗទឹកដកជង្ហុកធំៗធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ ។
រហូតមកថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០១៩នេះ សាលាខណ្ឌពោធិ៍សែនជ័យបានដាក់គ្រឿងចក្រមកឈូសឆាយបេតុងចាស់ចោលហើយបានចាក់ជាបេតុងថ្មីវិញដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ ។
លោកបានបញ្ជាក់ទៀតថា ក្នុងការស្ថាបនាផ្លូវខាងលើនេះគឺថវិការចំណាយរបស់សាលាខណ្ឌពោធិ៍សែនជ័យ។
លោកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាជួយថែរក្សាផ្លូវបេតុងនេះទាំងអស់គ្នាដើម្បីប្រើប្រាស់បានយូរអង្វែង ៕ សុខាសែនជ័យ