ភ្នំពេញ៖ រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យខ្ទាតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរថយន្តមួយគ្រឿងក្រឡាប់ផ្ងារជើង។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ កែងនិងផ្លូវលេខ១៨០០ ខាងជើងរោងចក្រ ផលិតទឹកបរិសុទ្ធវីតាល់ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីម្នាក់ បើករថយន្ត១គ្រឿង ម៉ាកតូយ៉ូតាហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-6289 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៨០០ ក្នុងទិសដៅលិចទៅលិច ខណៈមកដល់ចំណុចកើតហេតុ រថយន្តបានបត់ឆ្វេង តាមបណ្ដោយផ្លូវលេខ៥៩៨ ស្របពេលនោះ ក៏មានរថយន្តមួយគ្រឿងទៀត ម៉ាកតូយ៉ូតាកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-3792 បើកបរដោយបុរសម្នាក់ ក្នុងល្បឿយ៉ាងលឿន តាមបណ្ដោយផ្លូវលេខ៥៩៨ក្នុងទិសដៅពីត្បូងទៅជើង មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត ហាយឡែនឌ័រចំពីក្រោយ ពេញទំហឹង បណ្តាលឲ្យខ្ទាតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ដួល៣កង់ ហើយរថយន្តហាយឡែនឌ័របានក្រឡាប់ផ្ងារជើង រីឯរថយន្តកាមរីបាឡែន បានខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចរាយការណ៍ទៅជំនាញចរាចរ ចុះមកវាស់វែង ស្ទូចយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ