ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធខេត្តក្រចេះបង្រ្កាបទូកដឹកឈើអាររួចល្មើសច្បាប់១គ្រឿងពេញព្រៀប

ចែករំលែក៖

ខេត្តក្រចេះ៖ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះក្រោមការបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបង្រ្កាបទូកដឹកឈើល្មើសច្បាប់មួយគ្រឿង យកទៅប្រគល់ឲ្យសមត្ថកិច្ចរដ្ឋបាលព្រឈើខេត្តចាត់ការតាមច្បាប់ ។

ប្រតិបត្តិការបង្រ្កាបទូកដឹកឈើល្មើច្បាប់នេះប្រព្រឹត្តទៅនៅវេលាម៉ោង៥និ១៥នាទីល្ងាចថ្ងៃ សុក្រ ១១រោច ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្នុងទន្លេមេគង្គត្រងចំណុចភូមិតាងួន ឃុំវឌ្ឍនះ ស្រុកសំបូរ ខេត្តក្រចេះ ។

មន្រ្តីកងរាជអាវុធហត្ថខេត្តក្រចេះបានឲ្យដឹងថា ប្រតិបត្តការបង្រ្កាបនេះធ្វើឡើងដោយកម្លាំងកងរាជអាវុធហត្ថខេត្តសហការ ជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកសំបូរ បន្ទាប់ពីឃើញនិងដឹងថាទូកដឹកឈើអាររួចជាស្រេច១គ្រឿងពេញព្រៀបបម្រុងឆ្លងខេត្តដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវទើបធ្វើការបង្រ្កាបតែម្ដង។

មន្រ្តីកងរាជអាវុធហត្ថរូបនោះបន្តទៀតថា នៅពេលកម្លាំងចុះទៅដល់កន្លែងបង្រ្កាបនោះក្រុមឈ្មួញ បានរត់គេចខ្លួនបាត់អស់ធ្វើឲ្យមិនស្គាល់អត្តសញ្ញាណម្ចាស់ឈើទេ។ បន្ទាប់មកឈើនិងទូកមួយគ្រឿងនោះត្រូវបានកម្លាំងនាំយកមកប្រគល់ជូនឲ្យរដ្ឋបាលព្រៃឈើដើម្បីវាស់វែងនិងចាត់ការតាមនិតិវិធីច្បាប់រដ្ឋបាលព្រៃឈើជាបន្តទៀត៕ ប្រាថ្នា


ចែករំលែក៖