ព័ត៌មានទាន់ហេតុការណ៍៖

ហុងកុងចាប់ផ្តើមបោះឆ្នោត ឃុំ សង្កាត់ តាមការគ្រោងទុក

ចែករំលែក៖

ក្រុមបាតុករទាមទារលិទ្ធិប្រជាធិបតេយ្យ​ហុងកុង​បានស្ងប់ស្ងាត់​ការប្រឈមមុខដាក់គ្នា​ជាមួយ​កម្លាំងប៉ូលិស​កាលពីថ្ងៃអាទិត្យ ពីព្រោះពួកគេ​នាំគ្នា​ទៅចូលរួមបោះឆ្នោតឃុំ សង្កាត់​​តាមការគ្រោងទុក ។

ការបោះឆ្នោតឃុំ សង្កាត់ នៅហុងកុងបានចាប់ផ្តើមដោយសន្តិវិធី​កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយគេមិនឃើញមានវត្តមានកងកម្លាំង​ប៉ូលិសប្រឈមមុខដាក់គ្នាជាមួយក្រុមបាតុករនោះទេ ​នៅតាមស្ថានីយ​បោះឆ្នោតនានា បើទោះបី​ជិត​រយៈពេល​៦ខែមកហើយ កើតមានបាតុកម្ម​ក្នុងទីក្រុងនេះ ​ពេលខ្លះ​ផ្ទុះហិង្សា​​យ៉ាងណាក៏ដោយ ។

ការបោះឆ្នោតឃុំ សង្កាត់ ​គឺមានសារសំខាន់​បំផុត​នៅក្នុងការស្ទាបស្ទង់​សំឡេងគាំទ្រ​ចំពោះ​លោកស្រី Carrie Lam មេដឹកនាំហុងកុងបច្ចុប្បន្ន ហើយដែលប្រឈមនូវបាតុកម្ម​ប្រឆាំង​យ៉ាងរ៉ាំរ៉ៃ​ពីសំណាក់​ក្រុមបាតុករ​គាំទ្រលទ្ធិប្រជាធិបតេយ្យ ។

មន្ត្រីប៉ូលិស​ជាន់ខ្ពស់​មួយរូប ថ្លែងជាមួយបណ្តាញផ្សព្វផ្សាយព័ត៌មាន​កាលពីថ្ងៃទី២៣ ខែវិច្ឆិកា បញ្ជាក់ថា ជាលើកដំបូង នៅតាមស្ថានីយ​បោះឆ្នោត​ទាំងអស់​ ត្រូវបានដាក់ពង្រាយកម្លាំងប៉ូលិសដើម្បី​យាមកាម​ ក្នុងនោះ មន្ត្រីប៉ូលិស​ប្រហែល ៣១ ០០០ នាក់​​ត្រូវបានបំពេញភារកិច្ច។

ក្រុមចលនា​ប្រឆាំងរដ្ឋបាលដឹកនាំនៅហុងកុង បានសង្ឃឹមថា ការបោះឆ្នោតនេះ ​គឺជា​ការផ្ញើសារ​មួយ​ទៅកាន់​ទីក្រុងប៉េកាំង ​ដែលគាំទ្រ​រដ្ឋាភិបាលហុងកុង ។

ការបោះឆ្នោតចាប់ផ្តើមនៅថ្ងៃអាទិត្យ ហើយការប្រឈមមុខដាក់​គ្នា ដែលតែងតែកើតមាន​រវាងប៉ូលិស និងក្រុមបាតុករ​នៅក្នុងទីក្រុង​រយៈពេលច្រើនខែមកនោះ ហាក់មានសភាពស្ងប់ស្ងាត់ ដែលជាចំណុចវិជ្ជមានមួយ ។

ការបោះឆ្នោតឃុំ​ សង្កាត់​ នៅហុងកុងនេះ ប្រជាជន​ប្រមាណ​ ៤,១​លាននាក់​បានចុះឈ្មោះបោះឆ្នោត ។ ក្រុមអ្នកប្រឆាំង​រដ្ឋាភិបាលហុងកុង​បាន​ផ្សព្វផ្សាយ​នៅលើបណ្តាញសង្គមថា «មិនគួរ​បំផ្លិចបំផ្លាញ​ការបោះឆ្នោតនេះឡើយ»​។

បេក្ខជនចូលរួម​ប្រកួតប្រជែង​មានសរុប​​ ៤៥២ នាក់ នៅទូទាំង ឃុំ សង្កាត់ ចំនួន​១៨​របស់ហុងកុង ។ ការចេញទៅបោះឆ្នោត​​របស់ពលរដ្ឋ មានចំនួនច្រើនលើសលប់ សឹងតែមិនគួរឲ្យជឿ ។

ប៉ូលិស​ជាច្រើននាក់​ ត្រូវបានដាក់ពង្រាយ​នៅតាមស្ថានីយបោះឆ្នោត និងនៅតាមផ្លូវនានា​ក្នុងទីក្រុង​ដើម្បីការពារ​មិនឲ្យ​ការរំខាន​ណាមួយកើតឡើង​ ។

ក្រុមអ្នកវិភាគ​បានលើកលើកឡើងថា ការបោះឆ្នោតឃុំ សង្កាត់​ពេលនេះ បេក្ខជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ប្រហែល​ទទួលបានសំឡេង​ឆ្នោត​ច្រើន ។ ប៉ុន្តែ​បែបណាក៏ដោយ ពួកគេ​មិនអាច​​ទទួលបានសំឡេងភាគច្រើន​បំផុតពីក្នុងចំណោម​៤៥២នាក់នោះឡើយ ៕


ចែករំលែក៖