ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូទៅធ្វើការ ត្រូវរថយន្តបែនដឹកថ្មកិនស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ ៖ បុរសចំណាស់ជាសន្តិសុខម្នាក់ ខណៈដែលកំពុងជិះម៉ូតូទៅធ្វើការងារ ត្រូវបានរថយន្តបែនដឹកថ្មបើកច្រាសទិសបុក បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ហើយរថយន្តបង្កបើករត់គេចបាត់ស្រមោល ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១៩ ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង ភូមិអករំដួល សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ វាជ ព្រីង ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរសន្តិសុខឯកជន FY មានទីលំនៅភូមិត្រពាំងអញ្ចាញ៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-5180 ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូទៅធ្វើការ តាមផ្លូវបេតុងពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តបែន ដឹកថ្ម បើកពីកើតទៅលិចបញ្ច្រាសទិស មកបុកកិន បណ្តាលឲ្យបែកក្បាលខ្ទេច ស្លាប់ភ្លាមៗនៅកន្លែង ចំណែកម៉ូតូធ្លាក់ចូលវាលស្រែ រីឯរថយន្តបន្ថែមល្បឿនបើករត់គេចទៅបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ រួចប្រគល់សាកសពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូសមត្ថកិច្ចយកទៅរក្សាទុក បន្តធ្វើការស្រាវជ្រាវ ៕ សុខាសែនជ័យ


ចែករំលែក៖