ក្រុមបាតុករទាមទារលិទ្ធិប្រជាធិបតេយ្យហុងកុងបានស្ងប់ស្ងាត់ការប្រឈមមុខដាក់គ្នាជាមួយកម្លាំងប៉ូលិសកាលពីថ្ងៃអាទិត្យ ពីព្រោះពួកគេនាំគ្នាទៅចូលរួមបោះឆ្នោតឃុំ សង្កាត់តាមការគ្រោងទុក ។
ការបោះឆ្នោតឃុំ សង្កាត់ នៅហុងកុងបានចាប់ផ្តើមដោយសន្តិវិធីកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយគេមិនឃើញមានវត្តមានកងកម្លាំងប៉ូលិសប្រឈមមុខដាក់គ្នាជាមួយក្រុមបាតុករនោះទេ នៅតាមស្ថានីយបោះឆ្នោតនានា បើទោះបីជិតរយៈពេល៦ខែមកហើយ កើតមានបាតុកម្មក្នុងទីក្រុងនេះ ពេលខ្លះផ្ទុះហិង្សាយ៉ាងណាក៏ដោយ ។
ការបោះឆ្នោតឃុំ សង្កាត់ គឺមានសារសំខាន់បំផុតនៅក្នុងការស្ទាបស្ទង់សំឡេងគាំទ្រចំពោះលោកស្រី Carrie Lam មេដឹកនាំហុងកុងបច្ចុប្បន្ន ហើយដែលប្រឈមនូវបាតុកម្មប្រឆាំងយ៉ាងរ៉ាំរ៉ៃពីសំណាក់ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ ។
មន្ត្រីប៉ូលិសជាន់ខ្ពស់មួយរូប ថ្លែងជាមួយបណ្តាញផ្សព្វផ្សាយព័ត៌មានកាលពីថ្ងៃទី២៣ ខែវិច្ឆិកា បញ្ជាក់ថា ជាលើកដំបូង នៅតាមស្ថានីយបោះឆ្នោតទាំងអស់ ត្រូវបានដាក់ពង្រាយកម្លាំងប៉ូលិសដើម្បីយាមកាម ក្នុងនោះ មន្ត្រីប៉ូលិសប្រហែល ៣១ ០០០ នាក់ត្រូវបានបំពេញភារកិច្ច។
ក្រុមចលនាប្រឆាំងរដ្ឋបាលដឹកនាំនៅហុងកុង បានសង្ឃឹមថា ការបោះឆ្នោតនេះ គឺជាការផ្ញើសារមួយទៅកាន់ទីក្រុងប៉េកាំង ដែលគាំទ្ររដ្ឋាភិបាលហុងកុង ។
ការបោះឆ្នោតចាប់ផ្តើមនៅថ្ងៃអាទិត្យ ហើយការប្រឈមមុខដាក់គ្នា ដែលតែងតែកើតមានរវាងប៉ូលិស និងក្រុមបាតុករនៅក្នុងទីក្រុងរយៈពេលច្រើនខែមកនោះ ហាក់មានសភាពស្ងប់ស្ងាត់ ដែលជាចំណុចវិជ្ជមានមួយ ។
ការបោះឆ្នោតឃុំ សង្កាត់ នៅហុងកុងនេះ ប្រជាជនប្រមាណ ៤,១លាននាក់បានចុះឈ្មោះបោះឆ្នោត ។ ក្រុមអ្នកប្រឆាំងរដ្ឋាភិបាលហុងកុងបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមថា «មិនគួរបំផ្លិចបំផ្លាញការបោះឆ្នោតនេះឡើយ»។
បេក្ខជនចូលរួមប្រកួតប្រជែងមានសរុប ៤៥២ នាក់ នៅទូទាំង ឃុំ សង្កាត់ ចំនួន១៨របស់ហុងកុង ។ ការចេញទៅបោះឆ្នោតរបស់ពលរដ្ឋ មានចំនួនច្រើនលើសលប់ សឹងតែមិនគួរឲ្យជឿ ។
ប៉ូលិសជាច្រើននាក់ ត្រូវបានដាក់ពង្រាយនៅតាមស្ថានីយបោះឆ្នោត និងនៅតាមផ្លូវនានាក្នុងទីក្រុងដើម្បីការពារមិនឲ្យការរំខានណាមួយកើតឡើង ។
ក្រុមអ្នកវិភាគបានលើកលើកឡើងថា ការបោះឆ្នោតឃុំ សង្កាត់ពេលនេះ បេក្ខជនគាំទ្រលទ្ធិប្រជាធិបតេយ្យប្រហែលទទួលបានសំឡេងឆ្នោតច្រើន ។ ប៉ុន្តែបែបណាក៏ដោយ ពួកគេមិនអាចទទួលបានសំឡេងភាគច្រើនបំផុតពីក្នុងចំណោម៤៥២នាក់នោះឡើយ ៕