មានករណីគ្រោះថ្នាក់យន្តហោះធុនតូចមួយបានកើតឡើងនៅក្នុង ទីក្រុង Kingston របស់កាណាដាបណ្តាលឲ្យ មនុស្ស៧នាក់ស្លាប់ កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ក្រុមប្រឹក្សាសន្តិសុខដឹកជញ្ជូនរបស់កាណាដា បានបញ្ជូនក្រុមស៊ើបអង្កេតចំនួន៤នាក់ ឱ្យទៅកាន់ទីកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យនិងចងក្រងឯកសារ រកមូលហេតុនៃការធ្លាក់យន្តហោះ ។
ក្រុមអ្នកស៊ើបអង្កេតបានបញ្ជាក់ថា យន្តហោះធុនតូចមួយគ្រឿងនេះ បានចេញដំណើរពីទីក្រុង Markham ខេត្ត Ontario ក្នុងគោលដៅឆ្ពោះទៅកាន់អាកាសយានដ្ឋាន ទីក្រុង Kingston ប៉ុន្តែវាបានធ្លាក់នៅរយៈចម្ងាយមិនឆ្ងាយនោះទេ ពីទិសដៅដែលត្រូវចុះចត ។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធររបស់ប្រទេសកាណាដាបានថ្លែងថា ការស៊ើបអង្កេតទៅលើមូលហេតុនាំឲ្យយន្តហោះធ្លាក់ នឹងត្រូវចំណាយពេលច្រើនទៀត ដោយសារតែការប្រមូលទិន្នន័យ សម្ភារ, សាក្សី ហើយនិងមើលប្រវត្តិថែទាំទៅលើយន្តហោះផងដែរ ។
ស្នងការប៉ូលិសទីក្រុង Kingston លោក Ash Gutheinzបានបញ្ជាក់ថា មិនមានសញ្ញាណ ណាមួយដែលអះអាងថា មានជនរងគ្រោះក្នុងហេតុការណ៍នេះ បាននៅរស់រានមានជីវិតនោះឡើយ ។ អត្តសញ្ញាណរបស់ជនរងគ្រោះទាំងអស់ មិនត្រូវបានបញ្ចេញប្រាប់ជាសាធារណៈនោះទេ។
លោក Guthinz បានបញ្ជាក់ថា នៅតំបន់ដែលយន្តហោះធ្លាក់ គឺជាទីតាំងដែលកំពុងមានការប្រកាសឲ្យប្រុងប្រយ័ត្នចំពោះបញ្ហាអាកាសធាតុមិនអំណោយផល ។ លោកបញ្ជាក់ថា វាទំនងបណ្ដាលមកពីខ្យល់បក់ខ្លាំង ហើយមើលទៅ ទើបបានជាធ្វើឲ្យយន្តហោះនេះធ្លាក់ ៕