ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់​៧នាក់ដោយសារធ្លាក់យន្តហោះធុនតូចនៅកាណាដា

ចែករំលែក៖

មានករណីគ្រោះថ្នាក់យន្តហោះធុនតូចមួយបានកើតឡើងនៅក្នុង ទីក្រុង Kingston របស់កាណាដាបណ្តាលឲ្យ មនុស្ស៧នាក់​ស្លាប់ កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ 

ក្រុមប្រឹក្សាសន្តិសុខដឹកជញ្ជូនរបស់កាណាដា បានបញ្ជូនក្រុមស៊ើបអង្កេតចំនួន៤នាក់ ឱ្យទៅកាន់ទីកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យនិងចងក្រងឯកសារ រកមូលហេតុនៃការធ្លាក់យន្តហោះ ។ 

ក្រុមអ្នកស៊ើបអង្កេតបានបញ្ជាក់ថា យន្តហោះធុនតូចមួយគ្រឿងនេះ បានចេញដំណើរពីទីក្រុង Markham ខេត្ត Ontario ក្នុងគោលដៅឆ្ពោះទៅកាន់អាកាសយានដ្ឋាន ទីក្រុង Kingston ប៉ុន្តែវាបានធ្លាក់​នៅរយៈចម្ងាយមិនឆ្ងាយនោះទេ​ ពីទិសដៅដែលត្រូវចុះចត ។ 

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធររបស់ប្រទេសកាណាដា​បានថ្លែងថា ការស៊ើបអង្កេតទៅលើមូលហេតុ​នាំឲ្យយន្តហោះធ្លាក់ នឹងត្រូវចំណាយពេលច្រើនទៀត ដោយសារតែការប្រមូលទិន្នន័យ សម្ភារ, សាក្សី ហើយនិងមើលប្រវត្តិថែទាំទៅលើយន្តហោះផងដែរ ។ 

ស្នងការប៉ូលិស​ទីក្រុង Kingston លោក Ash Gutheinzបានបញ្ជាក់ថា មិនមានសញ្ញាណ​ ណាមួយដែលអះអាងថា មានជនរងគ្រោះក្នុងហេតុការណ៍នេះ​ បាននៅរស់រានមានជីវិតនោះឡើយ ។ អត្តសញ្ញាណរបស់ជនរងគ្រោះទាំងអស់ ​មិនត្រូវបានបញ្ចេញប្រាប់​ជាសាធារណៈនោះទេ។ 

លោក Guthinz បានបញ្ជាក់ថា នៅតំបន់ដែល​យន្តហោះធ្លាក់​ គឺជាទីតាំងដែលកំពុងមានការប្រកាស​ឲ្យប្រុងប្រយ័ត្ន​ចំពោះ​បញ្ហាអាកាសធាតុមិនអំណោយផល ។ លោកបញ្ជាក់ថា វាទំនងបណ្ដាលមកពីខ្យល់បក់ខ្លាំង ហើយមើលទៅ ទើបបានជាធ្វើឲ្យយន្តហោះនេះធ្លាក់ ៕ 


ចែករំលែក៖