ព័ត៌មានទាន់ហេតុការណ៍៖

វិស្វករម្នាក់ ទៅប្តឹងសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ ក្រោយចោរគាស់ផ្ទះលួចម៉ូតូយកទៅបាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ បានទៅដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍តាមចាប់ជនសង្ស័យដែលបានធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួលលួចយកម៉ូតូបានសម្រេច ហើយគេចខ្លួនបាត់ ។

ជនរងគ្រោះឈ្មោះ អ៊ុក ជី ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ វិស្វករ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីជនរងគ្រោះ បានប្រាប់ឲ្យដឹងនៅវេលាម៉ោង២រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា មានករណីជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពឆ្កឹកសោបន្ទប់លួចយកម៉ូតូបានសម្រេច កាលពីវេលាម៉ោង០០និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០១៩ នៅចំណុចភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារបាត់បង់៖ ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CU-4517 ។

ប្រភពដដែលបន្តថា កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០១៩ (ថ្ងៃកើតហេតុ) រូបគេបានមកលេងមិត្តភក្ដិ នៅបន្ទប់ជួលស្ថិតនៅចំណុចខាងលើ ហើយហូបចុកជាមួយគ្នារហូតដល់ម៉ោង១០យប់ថ្ងៃដដែល ក៏ទុកម៉ូតូក្នុងបន្ទប់ជួលដោយចាក់សោបន្ទប់ត្រឹមត្រូវ បន្ទាប់មកក៏នាំគ្នាចេញទៅក្រៅ ដើម្បីផឹកស៊ីបន្តទៀត ។ ខណៈផឹកស៊ីដល់វេលាម៉ោង ០០និង ៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែវិច្ឆកា រូបគេបានត្រលប់មកបន្ទប់ជួលវិញ ស្រាប់តែឃើញរបន្ទប់បើកចោល ចំណែកមេសោខ្ទាស់នឹងបន្ទប់ក្បែរនោះ ប៉ុន្តែមិនឃើញម៉ូតូទើបនាំគ្នាផ្អើលឆោឡោដឹងថាត្រូវចោរលួចយកទៅបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីជួយធ្វើអន្តរាគមន៍តាមចាប់ជនសង្ស័យយកមកដាក់ទោសតាមផ្លូវច្បាប់ ៕សុខា សែនជ័យ


ចែករំលែក៖