ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះបានបង្កើតគណៈកម្មការត្រួតពិនិត្យលើសពបុរសម្នាក់ ខណៈដែលប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ ដេកស្លាប់ស្រាតននលគក នៅក្នុងបន្ទប់ឡៅតឿផ្ទះរបស់ខ្លួនឯង
ដោយសារតែអ្នកជិតខាងមិនឃើញចេញពីមកក្រៅផ្ទះ ២ទៅ៣ថ្ងៃ ក៏នាំគ្នាសង្ស័យគាស់ទ្វារមើល ស្រាប់តែឃើញដេកស្លាប់ ទ្បើងហើមស្អុយបាត់ទៅហើយ ។
ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩និង ៤០នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ k៤២ ផ្លូវទី៧ ក្នុងបុរីវីឡាទួលសង្កែភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។
ជនរងគ្រោះឈ្មោះ សេង តារា អាយុ ៣៨ ឆ្នាំរស់នៅក្នុងផ្ទះកើតហេតុ មានជំងឺប្រចាំកាយជាយូរមកហើយ ។
តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ ត្រូវជាប្អូនជីដូនមួយរបស់ជនរងគ្រោះឈ្មោះ ស៊ុន សុខខេង បានរៀបរាប់ប្រាប់សមត្ថកិច្ចថា បងជីដូនមួយរបស់ខ្លួន នៅផ្ទះម្នាក់ឯង គាត់មានជំងឺប្រចាំកាយរុាំរ៉ៃយូរមកហើយៗ ដោយមុនពេលកើតហេតុ ដោយសារមិនឃើញជនរងគ្រោះ បើកទ្វារ២ទៅ៣ថ្ងៃមកហើយ ទើបខ្លួនក៏បានស្រែកហៅពីខាងក្រៅ តែគ្មានអ្នកឆ្លើយ ក៏យកទូណឺវីសដោះកញ្ចក់ រួចដោះសោដែលថ្ពក់នៅខាងក្នុងបានហើយក៏នាំគ្នាឡើងទៅបន្ទប់ឡៅតឿ ស្រាប់តែឃើញជនរងគ្រោះ ដេកស្លាប់ ទាំងសភាពសពស្រាតននលគកទៅហើយ នៅមុខបន្ទប់ទឹក រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង ។
ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចមូលដ្ឋាន និងជំនាញបច្ចេកទេស បានចុះទៅធ្វើកោសល្យវិច័យសព សន្និដ្ឋានថា ជនរងគ្រោះ បានស្លាប់ប្រហែលរយ:ពេល២ទៅ៣ថ្ងៃមកហើយ ដោយសារជំងឺគាំងបេះដូង ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕ អារុណរះ