ភ្នំពេញៈ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Amjad ALi sher ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចប់អាណត្តិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា។
ក្នុងជំនួបនោះ ឯកឧត្តម Amjad ALi sher បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាតអោយឯកឧត្តមបានជួបសម្ដែងការគួរសមនាពេលនេះ ។ ក្នុងឱកាសដែល ឯកឧត្តម បញ្ចប់បេសកកម្មកាទូតពីព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបានជម្រាបជូនសម្តេចតេជោថា រយៈពេល៦ឆ្នាំកន្លះនៅកម្ពុជា ឯកឧត្តមបានរួមចំណែកជាច្រើនក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៉ាគីស្ថាន ក្នុងការលើកស្ទួយនិងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគផងដែរ ពិសេសក៏បានចូលរួមចំណែកផងដែរក្នុងការរៀបចំឲ្យមានការផ្លាស់ប្ដូរទស្សនៈកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជាអាទិ៍ដូចជាការនាំមកនូវទស្សនកិច្ចរវាងប្រធានព្រឹទ្ធសភាប៉ាគីស្ថានមកកម្ពុជា និងការចូលរួមសន្និសីទផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំប៉ាគីស្ថាននៅកម្ពុជា។
ឯកឧត្តមបានសម្ដែងនូវសេចក្តីរីករាយចំពោះការទទួលបានបទពិសោធន៍ពីកម្ពុជា ជាពិសេសយោបាយ ឈ្នះឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលវាជាមេរៀនរបស់ប្រទេសដទៃផ្សេងទៀតសិក្សារៀនសូត្រជាបទពិសោធន៍មួយដែលនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ រួមជាមួយភាពសុខដុមរវាងប្រជាជន សាសនា និងសាសនាផងដែរ។
ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាជាប្រទេសដ៏ស្រស់បំព្រងដែលគួរឲ្យចង់រស់នៅនិងស្នាក់អាស្រ័យ ក្នុងន័យនេះឯកឧត្តមមានប្រសាសន៍ថាឯកឧត្តម នឹងចងចាំនូវអ្វីដែលបានចូលរួមចំណែកជាមួយនឹងកម្ពុជា និងអ្វីដែលទទួលបានតាមរយៈបទពិសោធន៍ពីព្រះរាជាណាចក្រកម្ពុជា ហើយបន្តចូលរួមចំណែកបន្ថែមទៀតក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឯកឧត្តមបានធ្វើការងារយ៉ាងច្រើននៅក្នុងការជំរុញពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានរៀបចំខួបអនុស្សាវរីយ៍នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរលើកទី៦៥ ជំរុញអោយទស្សនកិច្ចរបស់ប្រធានរដ្ឋសភា ប៉ាគីស្ថាន និងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗរបស់ប៉ាគីស្ថានមកកាន់កម្ពុជាផងដែរ។ ឯកឧត្តមក៏បានចូលរួមចំណែកផងដែរក្នុងការលើកស្ទួយទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាមួយនឹងកម្ពុជា។
ក្នុងន័យនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនេះហើយ ដែលជាមូលដ្ឋានសម្រាប់ការពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម Amjad ALi sher ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ និងជូនពរឲ្យឯកឧត្តមជោគជ័យក្នុងបេសកកម្មរបស់ឯកឧត្តមជាបន្តបន្ទាប់ទៀត៕