ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ពរកូនស្រី ចូលខ្លួនមកអះអាងថាជាប្រពន្ធរបស់បុរសម្នាក់ ដែលកំពុងលួចការប្រពន្ធថ្មីទៀតយ៉ាងស្ងាត់ៗ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩នេះ មានការភ្ញាក់ផ្អើលជាខ្លាំងក្នុងពិធីមង្គលការមួយ ដែលស្ថិតនៅឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ខណៈដែលមានស្ត្រីម្នាក់ពរកូនស្រី ចូលខ្លួនមកអះអាងថាជាប្រពន្ធរបស់បុរសម្នាក់ ដែលកំពុងលួចការប្រពន្ធថ្មីទៀតយ៉ាងស្ងាត់ៗនោះ។

បើតាមប្រភពព័ត៌មានពីស្រ្តីពរកូនស្រីដែលអះអាងថាជាប្រពន្ធដើម បានឲ្យដឹងថា ប្តីរបស់នាងឈ្មោះ ឆែម សុខលី ចំណែករូបនាងឈ្មោះ រិន រចនា អាយុ១៩ឆ្នាំ និងកូនស្រីអាយុ ២ខួប។ នៅព្រឹកថ្ងៃអាទិត្យទី៨ ធ្នូ រូបនាងជាប្រពន្ធដើម បានបីកូនស្រីតូចចូលតវ៉ានៅរោងការ ក្នុងពេលដែលប្តី ឈ្មោះ ឆែមសុខលី កំពុងតែសំពះផ្ទឹមកាត់សក់ បណ្តាលឲ្យនាងអោបកូនសម្រក់ទឹកភ្នែកគួរឲ្យអាសូរសង្វេគជាទីបំផុត។

បើតាមប្រភពព័ត៌មានបន្ថែមថា អាជ្ញាធរមូលដ្ឋានមិនបានអនុញ្ញាតចេញលិខិតឲ្យមានការរៀបចំពិធីមង្គលការនេះឡើយ ប៉ុន្តែបុរសជាប្តីដែលកំពុងរៀបការប្រពន្ធថ្មីនេះ ហាក់ដូចជាមានលុយ មានអំណាចគ្រប់គ្រាន់ក្នុងការរៀបចំពិធីមង្គលការដោយស្ងាត់ៗ និងមិនខ្វល់ពីអី្វទាំងអស់នោះឡើយ។

ប៉ុន្ដែទោះជាយ៉ាងណា ករណីនេះមិនបានធ្វើឲ្យមានហិង្សាណាមួយកើតឡើងនោះទេ ប៉ុន្តែប្រជាពលរដ្ឋជាច្រើនបានចោមរោមមើល និងអានិតចំពោះស្រី្តដែលជាប្រពន្ធដើម ដោយប្តីកំហូចលួចការប្រពន្ធថ្មីបែបនេះឡើយ ៕


ចែករំលែក៖