ភ្នំពេញ៖ រសៀលថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម មានរៀបចំកិច្ចប្រជុំពិភាក្សាការងារ និងចុះហត្ថលេខារួម លើអនុស្សារណៈយោគយល់គ្នា ស្តីពី គម្រោង ” តម្លើងប្រព័ន្ធពិនិត្យ សង្កេតធាតុអាកាសស្វ័យប្រវត្តិនៅកម្ពុជា សម្រាប់បម្រើឲ្យការព្យាករ និងប្រកាសព័ត៌មានជាមុន ពីគ្រោះធម្មជាតិនៅកម្ពុជា ” ដែលជាជំនួយឥតសំណង ផ្តល់ដោយរដ្ឋបាលឧតុនិយមនៃសាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាព លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និង H.E. Mr. Jongseok KIM ប្រធានរដ្ឋបាលឧតុនិយម នៃសាធារណរដ្ឋកូរ៉េ ។
ជំនួយឥតសំណង ដែលរដ្ឋបាលឧតុនិយមនៃសាធារណរដ្ឋកូរ៉េផ្តល់មកឲ្យក្រសួងធនធានទឹក និងឧតុនិយម នាពេលនេះ មានដូចខាងក្រោម ៖
១- តម្លើងស្ថានីយឧតុនិយមស្វ័យប្រត្តិចំនួន ២៧ កន្លែង នៅបណ្តាខេត្តដែលពុំទាន់មានស្ថានីយឧតុនិយមគ្រប់គ្រាន់ ក្នុងការពិនិត្យសង្កេតតាមដានធាតុអាកាស ដើម្បីទទួលបានទិន្នន័យព័ត៌មានកាន់តែទូលំទូលាយ គ្រប់គ្រាន់សម្រាប់ធ្វើការព្យាករ ស្រាវជ្រាវ ធាតុអាកាសនិងប្រើប្រាស់លើវិស័យដទៃៗទៀត ។
២- បំពាក់គ្រឿងបរិក្ខារឧតុនិយមមួយចំនួនទៀត សម្រាប់ទ្រទ្រង់ដល់ការព្យាករធាតុអាកាស និងប្រព័ន្ធប្រកាសជូនដំណឹងជាមុន ស្តីពីគ្រោះថ្នាក់ធម្មជាតិដែលកើតនៅកម្ពុជា ។ ធ្វើការបញ្ជូនអ្នកបច្ចេកទេសរបស់កូរ៉េ មកជួយបណ្តុះបណ្តាលនៅក្នុងប្រទេស និងធ្វើការបណ្តុះបណ្តាលបន្ថែមនៅប្រទេសកូរ៉េ ដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីឧតុនិយមកម្ពុជា ក្នុងការព្យាករធាតុអាកាសឲ្យបានកាន់តែសុក្រិត ។
៣- បន្ថែមពីនេះរដ្ឋបាលឧតុនិយមកូរ៉េ និងវិទ្យាស្ថានឧតុនិយមកូរ៉េ និងក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា នឹងបន្តជជែកគ្នាពីលទ្ធភាពផ្តល់នូវគម្រោងជំនួយឥតសំណងថ្មីៗបន្ថែមទៀត លើការទទួលបាននូវព័ត៌មានឧតុនិយមពីផ្កាយរណបឧតុនិយមថ្មី GK-2A របស់សាធារណៈរដ្ឋកូរ៉េ ក្នុងការប្រើប្រាស់ វិភាគ និងតាមដានស្ថានភាពធាតុនៅកម្ពុជា ។
៤- ភាគីទាំងពីរ ប្តេជ្ញានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យឧតុនិយមឲ្យកាន់តែរីកចម្រើនតទៅមុខទៀត៕
ដោយ៖ សុខ ខេមរា