ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ជិះម៉ូតូឆ្លងថ្នល់មិនប្រយ័ត្នត្រូវរថយន្តបុកពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ស្ត្រីម្នាក់ជិះម៉ូតូឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តម៉ាស់ស្តាបុកពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ព្រមទាំងខូចខាតម៉ូតូ១គ្រឿង រថយន្ត០១គ្រឿង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃសៅរ៍ ១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១៣៨-១៣៩ ភូមិសំពង់ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាស់ស្តា ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2AC.6818 បើកបរផ្លូវត្រង់ទិសដៅពីត្បូងទៅជើង ដោយឈ្មោះ ដួង ដាវី ភេទស្រី អាយុ៣៥ឆ្នាំ នៅផ្ទះលេខ៦៣ ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុន internet MAT (មិនរបួស) នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកសន្ទុកដើម្បីសួរបំភ្លឺ ។

ម៉ូតូម៉ាកហុងដា ឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1M.6867 បើកបរឆ្លងកាត់ផ្លូវពីលិចទៅកើត ដោយឈ្មោះ ប្លង់ សេងលៀម ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរកសិករ ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព) ។

វត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ចំណែកសាកសពស្ត្រីរងគ្រោះញត្តិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖