ខេត្តមណ្ឌលគិរី: មន្រ្តីឧទ្យានុរក្សនៅស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃកែវសីមា បានទទួលសត្វឈ្លូសមួយក្បាល ពីក្រុមបង្រ្កាបបទល្មើស សត្វព្រៃចល័ត នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលបានដកហូតពីប្រជាពលរដ្ឋនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីយកមកសង្រ្គោះ និងថែទាំបឋម។
ការទទួលសត្វឈ្លូសមួយក្បាលនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃ ចន្ទ ១៣កើត ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ២០១៩ នៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ។
មន្រ្តីបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថា សត្វឈ្លូសមួយក្បាលនេះមានទម្ងន់ជាង៦០គីឡូក្រាម ត្រូវជាបអន្ទាក់ព្រានព្រៃម្នាក់ ហើយដោយមានស្មារតីភ្ញាក់រលឹកព្រានព្រៃរូបនេះបានយកមកប្រគល់ឲ្យមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីថែបំប៉នសុខភាពនិងយកទៅលែងឲ្យចូលព្រៃវិញ ដើម្បីចូលរួមចំណែកដល់ការអភិរក្សសត្វព្រៃនៅកម្ពុជា ។
មន្ត្រីបរិស្ថានខេត្តក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកប្រមាញ់សត្វព្រៃ ទាំងអស់ ត្រូវតែបញ្ឈប់ជាបន្ទាន់ក្នុងការប្រមាញ់ ឬសម្លាប់សត្វព្រៃដ៏កម្រយកមកបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដែលទង្វើទាំងនេះផ្ទុយនឹងច្បាប់ទាំងស្រុង និងម៉្យាងសត្វព្រៃទាំងនោះកំពុងរងការផុតពូជផងដែរ ៕ ប្រាថ្នា