ភ្នំពេញ៖ ជនសង្ស័យ៤នាក់ ត្រូវកម្លាំងល្បាតរបស់ប៉ុស្ដិ៍នគរបាលរដ្ឋបាលចាក់អង្រែលើឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីលួចសម្ភារប្រជាពលរដ្ឋ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចមុខអគ្គិសនីទី២ តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន ៖ ទី១ឈ្មោះ សុខ ផល្លាត ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ កម្មករសំណង់ ។ ទី២ ឈ្មោះ សៅ សុវណ្ណពិទូ ភេទប្រុស អាយុ ២៣ឆ្នាំ កម្មករសំណង់ ។ ទី៣ ឈ្មោះ សន ខយ ភេទប្រុស អាយុ ១៥ឆ្នាំ កម្មករសំណង់ ។ និងទី៤ ឈ្មោះ គង់ ចាន់ឌី ហៅបុត្រ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ។ ជនសង្ស័យទាំង៤ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមមន្ត្រីនគរបាលប៉ុស្ដិ៍ចាក់អង្រែលើបានប្រាប់ឲ្យដឹងថា មុននិងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើ គឺ កម្លាំងនគរបាលបានល្បាតក្នុងមូលដ្ឋានជាប្រចាំ ខណៈនោះក៏ប្រទះឃើញជនសង្ស័យ០៣នាក់កំពុងតែបណ្ដើរកង់ដោយដឹក តុ កៅអី ឡើងស្រពិងស្រពង ទើបមានការសង្ស័យក៏ឃាត់ឲ្យឈប់និងសួរនាំ ទើបដឹងថា ពួគេបានលួចពីផ្ទះប្រជាពលរដ្ឋក្បែរៗនោះ ។
ក្រោយពីដឹងថាពួកគេលួចសម្ភារប្រជាពលរដ្ឋ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង៣នាក់យកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលចាក់អង្រែលើដើម្បីសួរនាំបន្ថែម រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ខាងលើកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដើម្បីសួរនាំបន្ត និងកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការបន្តតាមនីតិវិធី ៕ ភារ៉ា ដង្កោ