ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិចិនមានគ្នា៤នាក់បានធ្វើសកម្មភាពចាប់ចងដៃចងជើងជនជាតិចិនម្នាក់ទៀត ហើយរិតកបណ្តាលឲ្យរងរបួសស្នាមពេញដៃ ពេញខ្នងបង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចឃាត់ខ្លួន ។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៧យប់ ថ្ងៃទី១១ ខែធ្ន ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចមុខហុងដាស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនជាតិចិនមួយក្រុមមានគ្នា៣ទៅ៤នាក់ បើករថយន្តម៉ាកតូយ៉ូតាហាយប្រ៊ីត ពណ៌ស្ករ បើកបរចេញមកពីម្តុំសាលាបឋមសិក្សាជ្រោយចង្វា តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ចៃដន្យមានសមត្ថកិច្ចអន្តរាគមន៍ដែលនៅប្រចាំការនៅគោលដៅនោះបានប្រទះឃើញសង្ស័យធ្វើឲ្យអ្នកបើករថយន្តជាជនជាតិខ្មែរ ភ័យពេកបើករត់ពេល ។ ភ្លាមៗនោះដែរ សមត្ថកិច្ចផ្នែកអន្តរាគមន៍បានកាក់រថយន្តនេះឲ្យឈប់ ក៏បើកទ្វាររថយន្ត ទើបឃើញជនរងគ្រោះម្នាក់បានត្រូវក្រុមជនសង្ស័យជាជនជាតិចិន៣នាក់ទៀត ចាប់ចងដៃ និងរឹតកបណ្តាលឲ្យមានស្នាមរបួសធ្ងន់ធ្ងរ ទើបកម្លាំងអន្តរាគមន៍ឃាត់ខ្លួនទាំងជនរងគ្រោះ និងជនសង្ស័យយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ។
ក្រោយមកជនរងគ្រោះបានឆ្លើយប្រាប់សមត្ថកិច្ចថា ខ្លួនបានធ្វើការជាក្រុមជាមួយជនសង្ស័យនៅហាងមួយកន្លែង ប៉ុន្តែគាត់មិនចង់ធ្វើទៀតដោយសារតែចង់ត្រឡប់ទៅប្រទេសចិនវិញ ប៉ុន្តែថៅកែគាត់ដែលជាជនសង្ស័យមិនព្រម ក៏ខឹងយកខ្សែចាប់ចងដៃចងជើង និងរឹតកតែម្តង ហើយនិយាយថាចង់សម្លាប់ថែមទៀត ។ ចំណែកអ្នកបើករថយន្តជាជនជាតិខ្មែរនោះ ត្រូវបានសមត្ថកិច្ចសួរនាំ និងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការខណ្ឌជ្រោយចង្វា ។
បន្ទាប់ពីកើតហេតុជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីកសាងសំណុំរឿងបញ្ចូនខ្លួនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ