ព័ត៌មានទាន់ហេតុការណ៍៖

បាត់ពីសិល្បៈមួយរយៈ អ្នកនាង អោក សុម៉ាលីតា បញ្ចេញបទ Original Songថ្មី ទាក់ទាញចិត្តអ្នកគាំទ្រ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងត្រកូលអោក គឺអ្នកនាង អោក សុម៉ាលីតា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មីក្រោយពីបញ្ចេញបទចម្រៀងថ្មី Original Song យ៉ាងក្រអួនទាក់ចិត្តអ្នកគាំទ្រគឺបទ ស្តាយក្រោយ ។ ការបង្ហាញវត្តមានជាថ្មីនេះគឺក្រោយពីនាងបានបាត់មុខពីសិល្បៈអស់មួយរយៈពេល ។

បទស្តាយក្រោយ ជាស្នាដៃនិពន្ធទំនុកច្រៀងថ្មីដោយអ្នកនិពន្ធលាក់មុខ រហស្សនាម សារិកាកែវ គ្រាដែលអ្នកនិពន្ធរូបនេះធ្លាប់បញ្ចេញបទចម្រៀងមួយចំនួនដែលទទួលបានការពេញចិត្តខ្លាំងពីអ្នកស្តាប់រួចមកហើយ ។ ចាយប្រាក់ទាំងការរៀបចំបទចម្រៀង និងសាច់ភ្លេងមិនក្រោម១ម៉ឺនដុល្លារអាមេរិក បទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅថ្មីនេះហាក់បានអន្ទងអារម្មណ៍អ្នកស្តាប់ឲ្យអណ្តែងអណ្តូងទៅតាមអត្ថន័យនៃបទចម្រៀងដែលថ្លែងរៀបរាប់រឿងរ៉ាវខកចិត្តព្រោះតែរត់ចោលបុរសស្មោះស្ម័គ្រទៅតាមបុរសអ្នកមានចាយលុយដុល្លារភ្លេចគ្រាកម្សត់កម្រជាមួយអតីតស្វាមី ។ ថ្លែងបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើង អោក សុម៉ាលីតា បញ្ជាក់ថា នាងសប្បាយចិត្តដែលទទួលបានឱកាសបង្ហើរសំនៀងជាថ្មីក្រោមស្នាដៃនិពន្ធរបស់កវីខាងលើ ។ នាងថាសូមកោតសរសើរចំពោះទឹកចិត្តចំណាយទាំងថវិកា ពេលវេលា ការពន្យល់ណែនាំ និងការជំរុញលើកទឹកចិត្តឲ្យស្នាដៃមួយនេះលេចជារូបរាង ហើយនាងចាត់ទុកថាជាសំណាងមួយដែលបានបង្ហើរសំនៀងចែកជូនទស្សនិកជនស្តាប់កម្សាន្ត ។ តារាស្រីរូបនេះលើកឡើងដែរថា បទចម្រៀងនេះក៏ជាសាររៀបរាប់តបទៅ និងបទចម្រៀងបទ ប្រាក់រៀលចិត្តស្មោះ របស់លោក ជុំ លីណូ ផងដែរ ។ លោកថាបទចម្រៀងទាំងពីរគឺជាស្នាដៃនិពន្ធទាំងបទភ្លេង និងទំនុកច្រៀងរបស់កវីតែម្នាក់គឺអ្នកស្រី សារិកាកែវ ។

ការបញ្ចេញបទចម្រៀងថ្មីអមដោយសារផ្ញើជូនសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រោះតែសេចក្តីស្រឡាញ់ គោរព និងកោតសរសើរពីវីរភាព និងការលះបង់របស់សម្តេចទាំងពីរចំពោះប្រជាជនកម្ពុជា ក៏ដូចជាសិល្បករទាំងអស់ ។

អោក សុម៉ាលីតា បញ្ជាក់ដែរថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ នាងរវល់ និងការងាររកស៊ីមួយចំនួនទើបខកខានក្នុងការបង្ហាញមុខ ហើយរូបរាងក៏ប្រែក្លាយជាមានសាច់ច្រើនជាងមុន ។ ទោះជាយ៉ាងណាការបង្ហាញបទចម្រៀងថ្មីនេះក៏ជាសញ្ញានៃការវិលត្រឡប់មកកាន់ការងារសិល្បៈជាថ្មី ដែលនាងរំពឹងថា និងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ។ នាងបញ្ជាក់ដែរថាបទចម្រៀងពេញ និងចេញក្នុងពេលដ៏ខ្លីខាងមុខ ខណៈការផលិតចេញជាMV ក៏ និងគ្រោងនៅពេលបន្ទាប់ផងដែរ៕ វឌ្ឍនា


ចែករំលែក៖