ភ្នំពេញ៖ កាលពីចុងសប្តាហ៍មុននេះ សិស្សវិទ្យាល័យឆ្នើមកម្ពុជាចំនួន ២០ នាក់ទទួលបានអាហារូបករណ៍ SmartEdu ដែលជួយបង់ថ្លៃការសិក្សានៅសាកលវិទ្យាល័យ និងមានផ្ដល់ថវិការចំណាយប្រចាំខែរហូតដល់ពួកគេបញ្ចប់ការសិក្សា ។ ពិធីនេះរៀបចំឡើងក្រោមអធិបតីភាពរបស់ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្ដម ជុន វ៉ាត ប្រធានលេខាធិការដ្ឋាននៃមូលនិធិកសាងសមត្ថភាព អភិវឌ្ឍន៍ និងការស្រាវជ្រាវ ។
នេះគឺជាឆ្នាំទី៤ នៃក្រុមសិស្សវិទ្យាល័យដែលទទួលបានអាហារូបករណ៍ SmartEdu ចាប់តាំងពីឆ្នាំ ២០១៦ មក ។ ឥឡូវនេះមាននិស្សិតកម្ពុជា ៧០ នាក់ ទទួលបានអាហារូបករណ៍ពីកម្មវិធីនេះ ដែលមានតំលៃរហូតដល់ ១៥,០០០ ដុល្លារសម្រាប់អាហារូបករណ៍នីមួយៗ ។ កម្មវិធីអាហារូបករណ៍នេះចាប់ផ្តើមឡើងដោយផ្ដល់អាហារូបករណ៍ចំនួន ១០ កន្លែង ហើយចំនួនអាហារូបករណ៍ត្រូវបានបង្កើន១០ កន្លែង បន្ថែមទៀតក្នុងឆ្នាំ ២០១៧ សម្រាប់សិស្សដែលចង់បន្តការសិក្សានៅ វិទ្យាស្ថានជាតិ ប្រៃសណីយ៍ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា (NIPTICT) តាមរយៈការចូលរួមវិភាគទានរបស់ក្រុមហ៊ុន Smart ក្នុងមូលនិធិកសាងសមត្ថភាព អភិវឌ្ឍន៍ និងការស្រាវជ្រាវរបស់រាជរដ្ឋាភិបាល ។ និស្សិតអាហារូបករណ៍ SmartEdu ឆ្នាំទី១ និងបញ្ចប់ការសិក្សានៅពាក់កណ្ដាលឆ្នាំក្រោយ ហើយកំពុងត្រៀមចាប់យកអាជីពជោគជ័យ ។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «យើងសូមអបអរសាទរ និងស្វាគមន៍និស្សិតអាហារូបករណ៍ SmartEdu ឆ្នាំទី៤ មុនពេលចាប់ផ្តើមដំណើរសិក្សានៅសាកលវិទ្យា ល័យពួកគេ ហើយយើងពិតជារីករាយដែលបានឃើញក្រុមនិស្សិតអាហារូបករណ៍ SmartEdu ដំបូងបង្អស់របស់យើងនៅថ្ងៃនេះ មានភាពចាស់ទំុជាងកាលពីរ ឫបីឆ្នាំមុខ ប៉ុន្តែក៏ត្រៀមខ្លួនសម្រាប់អាជីពក្នុងពិភពការងារផងដែរ ។ » លោក ថូម៉ាស បានបន្ថែមថា៖ «ការផ្តល់ឱកាសសម្រាប់យុវជនកម្ពុជាដែលមានជីវភាពខ្វះខាត ដើម្បីបន្តការសិក្សាគឺជាកិត្តិយស ដ៏ពិតប្រាកដសម្រាប់ពួកយើងនៅក្រុមហ៊ុន Smart ហើយយើងក៏ព្យាយាមស្វែងរកឱកាសបន្ថែមសម្រាប់អ្នកមានជីវភាពខ្វះខាត ដើម្បីជួយលាតត្រដាងទេពកោសល្យ និងជំនាញរបស់ពួកគេដែល ប្រហែលជាពួកគេមិនបានដឹងពីមុន មក ។ »
ជ័យលាភីអាហារូបករណ៍ SmartEdu ឆ្នាំមុនៗក៍បានចូលរួមអបអរសាទរ និងស្វាគមន៍និស្សិតថ្មីចំនួន ២០ នាក់ផងដែរ ដែលក្រោយបញ្ជប់កម្មវិធីពួកគេបានធ្វើដំណើរជាមួយនិស្សិតអាហារូបករណ៍ផ្សេងទៀត ដើម្បីចូលរួមសិក្ខាសាលាបំប៉នជំនាញកម្មវិធី SmartEdu នៅឯរមណីយដ្ឋាន វីគីរីរម្យ ( vKirirom) ។ កម្មវិធីដែលមានរយៈពេល ៣ ថ្ងៃនេះរួមមានសិក្ខាសាលាស្តីអំពីគំនិតច្នៃប្រឌិត ជំនាញត្រិះរិះពិចារណា ជំនាញទំនាក់ទំនង និងជំនាញអាជីវកម្មសំខាន់ផ្សេងៗទៀត ដើម្បីត្រៀមពួកគេសម្រាប់ការសិក្សានៅសាកលវិទ្យាល័យ និងទីផ្សារការងារ ។ អាហារូបករណ៍ SmartEdu ក៏ផ្តល់នូវដំបូន្មានណែនាំ និងឱកាសផ្សេងៗទៀត ដើម្បីអភិវឌ្ឍជំនាញរបស់ពួកគេតាម រយៈ ការចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍សមត្ថភាព ក៏ដូចជាការចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) នៃក្រុមហ៊ុន Smart ។ និស្សិតអាហារូបករណ៍ SmartEdu ដែលទទួលបានជោគជ័យ និងត្រូវផ្តល់ឱកាសការងារនៅក្រុមហ៊ុនSmart បន្ទាប់ពីបញ្ចប់បរិញ្ញាបត្រសាកលវិទ្យាល័យ ។
លុយ លីស៊ាំង និស្សិតជ័យលាភីអាហារូបករណ៍ឆ្នាំទី១ បានឲ្យដឹងថា៖ «អាហារូបករណ៍ SmartEdu មិនត្រឹមតែផ្តល់ឱ្យខ្ញុំនូវឱកាសសិក្សារដោយឥតគិតថ្លៃ និងថវិកាប្រចាំខែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យខ្ញុំនូវឱកាសដើម្បីចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍ជាច្រើនទៀត ។ សិក្ខាសាលាបំប៉នជំនាញកម្មវិធី SmartEdu នេះផ្ដល់ឲ្យខ្ញុំនូវកម្មវិធីអ្នកណែនាំអាជីព និង ជម្រុញឱ្យខ្ញុំកាន់តែជិតទៅ និងការងារនាពេលអនាគតរបស់ខ្ញុំ បន្ទាប់ពីខ្ញុំបញ្ចប់ការសិក្សានៅខែមិថុនាខាងមុខ ។ ខ្ញុំទន្ទឹងរង់ចាំចូលរួមជាមួយក្រុមហ៊ុន Smart ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់សង្គមជាតិវិញ » ។
កម្មវិធីអាហារូបករណ៍ SmartEdu គឺជាផ្នែកមួយនៃអនុស្សារណៈយោគយល់គ្នាដែលធ្វើឡើងក្នុងឆ្នាំ ២០១៨ ដោយ ក្រុមហ៊ុន Smart ជាមួយ និងក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ។ តារយៈ អនុស្សារណៈយោគយល់គ្នានេះ ក្រុមហ៊ុន Smart បានប្តេជ្ញាវិនិយោគទឹកប្រាក់ចំនួន ១លាន ៥សែនដុល្លារទៅក្នុងកម្មវិធីចំនួន២ នៃ SmartEdu រួមមាន កម្មវិធីអាហារូបករណ៍ SmartEdu Scholarship និងកម្មវិធីអភិវឌ្ឍន៍និស្សិតសកលវិទ្យាល័យ SmartEdu (USDP)៕ វឌ្ឍនា