ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះហាងលក់គ្រឿងសំណង់នៅក្រុងបាវិត ផ្អើលទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ហាងលក់គ្រឿងសម្ភារសំណង់ចុងគ័រហ៊្វូហ័រ មួយកន្លែង ស្ថិតក្នុងក្រុងបាវិតត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលទាំងយប់ ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ជួយបាញ់ពន្លត់សង្ស័យឆ្លងចរន្តអគ្គិសនី ។

ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅទីតាំង ហាងលក់គ្រឿងសម្ភារសំណង់ចុងគ័រហ៊្វូហ័រ ស្ថិតក្នុងភូមិបាវិតលើសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៍មានភ្លាមលោក វណ្ណ សុមុន្នី អភិបាលក្រុងស្តីទី បានដឹកនាំកម្លាំងចម្រុះក្នុងក្រុងចុះជួយពន្លត់អគ្គិសភ័យត្រង់ចំណុចហាងលក់គ្រឿងសម្ភារសំណង់ចុងគ័រហ៊្វូហ័រ ដែលបានបណ្តាលឲ្យខូចខាតឃ្លាំងលក់គ្រឿងសំណង់ និងសម្ភារមួយចំនួនទាំងស្រុង ប៉ុន្តែមិនបណ្តាលឲ្យមនុស្សរងរបួសនោះទេ ។

សមត្ថកិច្ចក្រុងបាវិតបានឲ្យដឹងថា កម្លាំងចម្រុះរួមមានអធិការដ្ឋាន ប៉ុស្តិ៍រដ្ឋបាលបាវិត និងកម្លាំងវរសេនាតូចលេខ៦០៩ និងកម្លាំងកងរាជអាវុធហត្ថក្រុងបាវិត បានជួយអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់កម្លាំងរួមសរុប៥៥នាក់ស្រី០១នាក់ក្នុងនោះនគរបាល៣៥នាក់ កម្លាំងកងរាជអាវុធហត្ថ២០នាក់ស្រី០១នាក់ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿងប្រើប្រាស់ទឹកសរុបចំនួន០៩ឡានដើម្បីបាញ់ទឹកពន្លត់ទាំងស្រុង ។

សមត្ថកិច្ចបានបន្តថា ក្នុងប្រតិបត្តិការណ៍នេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនគរបាលក្រុងបាវិត០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ឡាន, រថយន្តពន្លត់អគ្គិភ័យកងរាជអាវុតហត្ថ២គ្រឿង ក្រុង១គ្រឿង, ខេត្ត១គ្រឿង ប្រើប្រាស់ទឹកអស់០៦ឡាន មូលហេតុ ឆ្លងចរន្តអគ្គិសនី ៕ យឹម សុថាន


ចែករំលែក៖