ព័ត៌មានទាន់ហេតុការណ៍៖

នៅក្នុងការធ្វើសង្គ្រាម​ អាមេរិកតែងតែកុហកពិភពលោក បំភាន់មតិសាធារណៈ

ចែករំលែក៖

អាមេរិកជាប្រទេសមហាអំណាចយោធាទីមួយនៅលើពិភពលោក ក្នុងប្រវត្តិសាស្តធ្វើសង្គ្រាម អាមេរិកជាប់ផុង​នៅក្នុងប្រទេសវៀតណាម និងអាហ្វហ្គានីស្ថាន ។ សង្រ្គាម​វៀតណាម​ធ្លាប់​តែ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​សង្រ្គាម​ដ៏​យូរ​ជាងគេ​បំផុត នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក មុននឹង​កំណត់ត្រា​នេះ​ត្រូវ​បាន​បំបែក​ដោយ​សង្រ្គាម​អាហ្វហ្កានីស្ថាន ដែល​មាន​រយៈពេល​យូរ​ជាង​សង្រ្គាម​វៀតណាម​ដល់​ទៅ​ជិត១ឆ្នាំ ហើយ​នៅ​​មិនទាន់​ចប់​នៅឡើយ​មក​ទល់​នឹង​សព្វថ្ងៃ ។

កាល​ពីពេលថ្មីៗនេះ កាសែត​អាមេរិក The Washington Post បាន​ចុះផ្សាយ​ឯកសារ​សម្ងាត់​រាប់ពាន់ទំព័រ​ ដែល​បង្ហាញ​​ថា រដ្ឋាភិបាល​អាមេរិក​តែងតែ​និយាយ​កុហក បំភាន់​មតិ​សាធារណៈ​ ជុំវិញ​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន ។ ការលេចធ្លាយ​ឯកសារ​សម្ងាត់​នេះ​ធ្វើ​ឲ្យ​គេ​នឹកឃើញ​​ទៅដល់​ហេតុការណ៍​មួយ​ទៀត​ដែល​មាន​លក្ខណៈ​ស្រដៀងគ្នា គឺ​ការ​លេចធ្លាយ​ឯកសារ​សម្ងាត់​​​ក្នុង​សម័យ​សង្រ្គាម​វៀតណាម ដែល​ជា​ចំណុច​របត់​ដ៏​សំខាន់​មួយ​នៃ​សង្រ្គាម ។

កន្លងមក ​សង្រ្គាម​វៀតណាម និង​សង្រ្គាម​អាហ្វហ្កានីស្ថាន​នេះ តែងតែ​ត្រូវបាន​គេ​លើក​យក​មក​ប្រៀបធៀបគ្នា ទាក់ទង​នឹង​ការ​ជាប់​ផុងខ្លួន​របស់​អាមេរិក​ក្នុង​សង្រ្គាម​ ដែល​គ្មាន​ច្រកចេញ ហើយ​ភាព​ស្រដៀងគ្នា​ រវាង​សង្រ្គាម​ទាំងពីរ​នេះ​ត្រូវ​បាន​គេ​សង្កេតឃើញកាន់តែ​ច្រើន នៅ​ក្រោយ​ពេល​ដែល​កាសែត The Washington Post បាន​ចុះផ្សាយ​ឯកសារ​សម្ងាត់​មួយ​ កាល​ពី​ថ្ងៃ​ចន្ទ ។ ឯកសារ​សម្ងាត់​ ដែល​គេ​ឲ្យឈ្មោះ​ថា “The Afghanistan Papers” ហើយ​ដែល​ជា​ឈ្មោះ​រំឭក​ទៅដល់​ឯកសារ​សម្ងាត់​​លេចធ្លាយ​ក្នុង​សម័យ​សង្រ្គាម​វៀតណាម គឺ “The Pentagon Papers” ។

គេ​នៅ​ចាំបាន​ថា The Pentagon Papers ត្រូវ​បាន​លេចធ្លាយ កាល​ពីខែ​មិថុនា​ឆ្នាំ១៩៧១ ដោយ​ត្រូវ​បាន​​ចុះផ្សាយ​ ដំបូង​​ដោយ​កាសែត The New York Times និង ៥ថ្ងៃ​ក្រោយ​មកទៀត ចុះផ្សាយ​ដោយ​ The Washington Post ។ តាមរយៈឯកសារ​សម្ងាត់​នេះ គេ​អាច​ដឹង​បាន​ថា មន្រ្តី​ជាន់ខ្ពស់​នៅ​ក្នុង​រដ្ឋាភិបាល​អាមេរិក ក្រោម​អាណត្តិ​ប្រធានាធិបតី​ជាច្រើន​ជំនាន់ ទាំង​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​មក​ពី​គណបក្ស​សាធារណរដ្ឋ​ សុទ្ធតែ​បាន​នាំគ្នា​ភូតកុហក លាក់​បាំង​ការពិត ដើម្បី​បំភាន់​​​មតិសាធារណៈ​អាមេរិក ទាក់ទងនឹង​​ស្ថានភាព​ជាក់ស្តែង​នៃ​សង្រ្គាម ។

ការលេចធ្លាយ​នៃ​ឯកសារ​សម្ងាត់​នោះហើយ ដែល​បាន​ធ្វើ​ឲ្យ​ចលនា​ប្រឆាំង​នឹង​សង្រ្គាម​វៀតណាម​ត្រូវ​រីកដុះដាល​យ៉ាងខ្លាំង​ នៅ​ក្នុង​ចំណោម​ប្រជាជន​អាមេរិក រហូត​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី រីឆាត និចសុន ដក​ទ័ព​ចេញ​ពីវៀតណាម នៅ​ឆ្នាំ១៩៧៣ ហើយ​សង្រ្គាម​វៀតណាម​ត្រូវ​បាន​គេ​ចារ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​ថា​ជា​សង្រ្គាម​ដ៏រ៉ាំរ៉ៃ និង​ជា​បរាជ័យ​ដ៏​សែន​ជូរចត់​មួយ​របស់​អាមេរិក ។

ជិតកន្លះសតវត្សរ៍ក្រោយ​មក អាមេរិក​ហាក់ដូចជា​កំពុងតែ​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​នៃ​សង្រ្គាម​នេះ​​សាជាថ្មី​ម្តងទៀត ជាមួយ​នឹង​សង្រ្គាម​អាហ្វហ្កានីស្ថាន ។

គួររំឭកឡើងវិញ​ថា ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម ១១កញ្ញា អាមេរិក​បាន​ចូល​ឈ្លាន​ពាន​អាហ្វហ្កានីស្ថាន កាល​ពីខែតុលា​ឆ្នាំ២០០១ ក្នុងគោលដៅ​ផ្តួលរំលំ​រដ្ឋាភិបាល​​តាលីបង់ ដែល​គាំទ្រ និង​ផ្តល់​ជម្រក​ដល់​ក្រុម​អាល់កៃដា​របស់​អូសាម៉ា បិនឡាដិន ។

ជាង ១៨ឆ្នាំក្រោយ​មក ក្រោយ​ពី​បាន​ចំណាយ​លុយ​អស់​រាប់ពាន់ពាន់លាន​ដុល្លារ និង​ ​អាយុជីវិត​ទាហាន​រហូត​ដល់​ទៅ​ជាង២ពាន់នាក់ អាមេរិក​នៅតែ​បន្ត​ជាប់ផុងខ្លួន​ក្នុង​សង្រ្គាម​, ក្រុម​តាលីបង់​ថ្វីដ្បិត​តែ​ត្រូវ​ផ្តួលរំលំ​ពី​អំណាច ក៏ប៉ុន្តែ នៅបន្ត​ជា​ការ​គំរាមកំហែង​ដ៏​ធំមួយ​ដល់​សន្តិសុខ និង​ស្ថិរភាព​នយោបាយ​អាហ្វហ្កានីស្ថាន ហើយ​ទាហាន​អាមេរិក​រហូត​ដល់​ទៅ​ជាង​១ម៉ឺននាក់ នៅតែ​បន្ត​ស្ថិត​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ដក​ខ្លួន​មិន​រួច ។

ដូចកាល​ពី​សម័យ​សង្រ្គាម​វៀតណាម​ដែរ រដ្ឋាភិបាល​អាមេរិក​បាន​រៀបចំ​ឲ្យ​មានការ​សិក្សា និង​វាយ​តម្លៃ​ទៅលើ​ស្ថានភាព​នៃ​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន ដោយ​នៅ​ក្នុង​ការ​សិក្សា​នេះ គេ​បាន​សម្ភាស​​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​រាប់រយនាក់ ហើយ​លទ្ធផល​នៃ​ការ​សិក្សា​នេះ​ត្រូវ​បញ្ចប់ កាល​ពី​ឆ្នាំ២០១៦​ ហើយ​ត្រូវ​បាន​គេ​ចងក្រង​ជា​ឯកសារ​សម្ងាត់​ មុននឹង​ត្រូវ​​លេចធ្លាយ​ជា​សាធារណៈ តាមរយៈ​ការ​ចុះផ្សាយ​របស់​កាសែត The Washington Post កាល​ពីថ្ងៃ​ចន្ទ ។

ឯកសារ​សម្ងាត់ “The Afghanistan Papers” ​ដែល​ចុះផ្សាយ​ដោយ The Washington Post ​នេះ បង្ហាញ​ថា ប្រឈម​នឹង​​ការ​ជាប់​ផុង​ខ្លួន​​ក្នុង​សង្រ្គាម​រកផ្លូវ​ចេញ​មិន​រួច​នៅ​អាហ្វហ្កានីស្ថាន​ រដ្ឋាភិបាល​អាមេរិក​​៣ជំនាន់ ចាប់តាំង​ពី​ក្រោម​អាណត្តិ​​ប្រធានាធិបតី​ចច ដាបិលយូ ប៊ូស, ប៉ារ៉ាក់ អូបាម៉ា រហូត​មក​ដល់​លោក​ដូណាល់ ត្រាំ សុទ្ធតែ​បាន​នាំគ្នា​ប្រកាន់​យក​នូវ​ឥរិយាបថ​ដូចគ្នា​ទៅនឹង​សម័យ​សង្រ្គាម​វៀតណាម ពោលគឺ ពួកគេ​ដឹង​ថា សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន​នេះ គ្មាន​យុទ្ធសាស្ត្រ និង​គោលដៅ​ច្បាស់លាស់ ហើយ​ជា​សង្រ្គាម​ដែល​មិន​អាច​ឈ្នះ​បាន ក៏ប៉ុន្តែ ពួកគេ​នៅតែ​បន្ត​ចំណាយលុយ និង​បញ្ជូន​កងទ័ព​ទៅ​បន្ត​ធ្វើ​​សង្រ្គាម ដោយ​យក​​ការ​​​ភូតកុហក ​បិទបាំង​ការពិត រហូត​មាន​ពេលខ្លះ​បំភ្លៃតួលេខ ដើម្បី​​​បំភាន់​មតិ​​​ប្រជាជន​អាមេរិក ។

តើ​ការ​លេចធ្លាយ​ឯកសារ​សម្ងាត់ “The Afghanistan Papers” នេះ អាច​នឹង​ជា​ចំណុច​របត់​ នៅ​ក្នុង​សង្រ្គាម​អាហ្វហ្កានីស្ថាន​ ដូចជា​ “The Pentagon Papers” នៅ​ក្នុង​សង្រ្គាម​វៀតណាម​ដែរ​ឬអត់នោះ គឺ​គេ​មាន​តែ​រង់​ចាំ​មើល​តែ​ប៉ុណ្ណោះ ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា គេ​ដឹង​ថា លោក​ដូណាល់ ត្រាំ តែងតែ​មាន​ជំហរ​ចង់​បញ្ចប់​នូវ​រាល់​សង្រ្គាម​ទាំងអស់​របស់​អាមេរិក​នៅ​បរទេស នៅ​ក្នុងនោះ ក៏​មាន​ដែរសង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន៕


ចែករំលែក៖