ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ទឹក (បង្គន់) ក្នុងភោជនីយដ្ឋានយីហោ ហារី (Harrys)បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះទៅត្រួតពិនិត្យជាក់ស្តែង កាលពីវេលាម៉ោង រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ២១៩ ផ្លូវលេខតិរវិថីព្រះស៊ីសុវត្ថិ ភូមិ៤ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនបរទេសដែលស្លាប់នោះ ឈ្មោះ TRUEMAN WILLIAM ALEXANDER ជនជាតិកាណាដា (CANADA) ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ GI449397 ស្នាក់នៅផ្ទះសំណាក់រ៉ូយ៉ាល់ ដែលមានអាសយដ្ឋានផ្ទះលេខ៩១E0 ផ្លូវលេខ១៥៤ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបុគ្គលិកភោជនីយដ្ឋានយីហោ ហារី (Harrys) បានឲ្យដឹងថា មុនពេលកើតហេតុ គឺបុរសបរទេសរូបនោះបានចូលមកកន្លែងកើតហេតុដោយបានផឹកស្រា និង មានបុគ្គលិកនារីធ្វើការក្នុងហាងនោះ អង្គុយជាមួយពេលផឹកស៊ី មួយសន្ទុះក្រោយមក ជនបរទេសរូបនោះបានចូលបន្ទប់ទឹក ស្រាប់តែបាត់ឈឹងរហូតមិនឃើញមកវិញ ក៏មានភ្ញៀវផ្សេងទៀត ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់ទឹកបង្កការភ្ញាក់ផ្អើលតែម្តង ។
បន្ទាប់ពីកើតហេតុ ជាលទ្ធផលតាមការពិនិត្យរបស់ លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន និង ការិយាល័យជំនាញបច្ចេកទេសបានបញ្ជាក់ថា សពស្លាប់ដោយសារគាំងបេះដូង (បណ្ដាលមកពីប្រើប្រាស់ធាតុញៀនប្រភេទម៉កហ្វីន) ។ ចំណែកសម្ភារៈរបស់សពមាន ៖ កូនកាបូបសម្រាប់ដាក់លុយចំនួន០១ និង មានលុយខ្មែរចំនួន ៦២ ៨០០ រៀល និង លុយអាមេរិកចំនួន១០ដុល្លារ ទូរស័ព្ទដៃចំនួន០១គ្រឿង និងកូនសោបន្ទប់ស្នាក់នៅចំនួន០១ បានប្រគល់ឲ្យប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ផ្សារកណ្ដាល១ ដើម្បីរក្សាទុក។
ក្រោយពីពិនិត្យរួច ការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រក្រសួងមហាផ្ទៃ បានដឹកសាកសពយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ ៕ ស រស្មី