ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះក្នុងរោងម៉ាស៊ីនកិនស្រូវព្រូហ៊ួតតែរថយន្តពន្លត់អគ្គិភ័យជួយស្រូវចំនួន៦០០តោនរួចផុតពីគ្រោះអគ្គិភ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​ ៖​ ស្រូវដែលផ្ទុកក្នុងឃ្លាំងរោងម៉ាស៊ីនកិនស្រូវជាច្រើនពាន់ការុង បានរួចផុតពីចំណីអគ្គិភ័យ ដោយការឆ្លងចរន្តអគ្គិសនីក្នុងរោងម៉ាស៊ីនកិនស្រូវព្រូហ៊ួតដែលបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទី រសៀលថ្ងៃ ព្រហស្បតិ៍ ១រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០១៩ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

​ប្រភពពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺមានរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន២គ្រឿងដឹកនាំដោយលោកវរសេនីយ៍ឯក​ ប៊ុន ផេង ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធជាតិផ្ទះ អគ្គិភ័យ រួមទាំងកងកម្លាំងនគរបាលប្រចាំការ របស់ផែនការងារធនធានមនុស្ស និងប្រជាពលរដ្ឋបានចុះជួយអន្តរា​គមន៍ពន្លត់បានទាន់ពេលវេលា ដែលមិនបណ្តោយឲ្យអគ្គិភ័យឆ្លងរាលដាលដល់ឃ្លាំងផ្ទុកស្រូវមានចំនួន៦០០តោននោះឡើយ។

តាមការរៀបរាប់ពីម្ចាស់រោងម៉ាស៊ីនកិនស្រូវមានយីហោ ឆាន គង់ ដែលមានម្ចាស់ឈ្មោះ​ កីន ហាក់លី ភេទប្រុស​ អាយុ៥៩ឆ្នាំ ស្ថិតក្នុងភូមិព្រូហ៊ួត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យជាអ្នកគ្រប់គ្រង បានឲ្យដឹងថា មុនដំបូងគាត់បានឮស្នូរផ្ទុះ ហើយក៏ទៅមើលឃើញមានអណ្តាតភ្លើងឆេះ ក្នុងរោងម៉ាស៊ីនជិតស៊ីទែនប្រេងម៉ាស៊្សូត ដែលធ្វើឲ្យគាត់មានការភ័យស្លន់ស្លោ។ ភ្លាមៗនោះបានរថយន្តពន្លត់អគ្គីភ័យបានជួយអន្តរាគមន៍​ និងកងកម្លាំងនគរបាលជាច្រើននាក់ រួមទាំងប្រជាពលរដ្ឋ ទើបភ្លើងមិនអាចរាលដាលដល់ឃ្លាំងផ្ទុកស្រូវ ប្រមាណជា៦០០តោន ។

​មន្ត្រីគរបាលពន្លត់អគ្គិភ័យបានបញ្ជាក់ថាក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចប្រេីរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ស៊ីទែន ទើបអាចគ្រប់គ្រងស្ថានការបានមិនឆ្លងរាលដាលដល់ឃ្លាំងដាក់ស្រូវ។

បើតាមការពិនិត្យរបស់កម្លាំងជំនាញ មូលហេតុបង្កឲ្យមានអគ្គិភ័យនេះ បណ្តាលមកពីទុស្សេខ្សែភ្លើងធំ តបញ្ជូលទៅក្នុងរោងចក្រ។ចំពោះការខូចខាតសម្ភារៈវិញមាន ក្បាលម៉ាស៊ីនកិនស្រូវ១គ្រឿង​ និងឆេះប្រពន្ធ័ខ្សែអគ្គិសនីប៉ុណ្ណោះដោយពុំមានមនុស្សរងគ្រោះថ្នាក់ដល់មនុស្សនោះទេ៕ ប្រាថ្នា


ចែករំលែក៖