ព័ត៌មានទាន់ហេតុការណ៍៖

ឪពុក ម្តាយ បងៗអប់រំ កុំឲ្យដើរលេង ជនរងគ្រោះអន់ចិត្តថា ឪពុកម្តាយ បងៗមិនស្រឡាញ់ខ្លួន ក៏ធ្វើអត្តឃាត

ចែករំលែក៖

ខេត្តកំពង់ធំ៖ យុវជនចិត្តខ្លាំងម្នាក់ អន់ចិត្តនឹងឪពុកម្ដាយ បងៗ អប់រំ ថា កុំឲ្យដើរលេងពេក បែរជាខ្លួនយល់ឃើញថា ឪពុកម្ដាយបងៗមិនស្រឡាញ់ខ្លួន ក៏សម្រេចចិត្តធ្វើអត្តឃាត ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់លើផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើល ថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៩ មានករណីមនុស្សចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯង ដឹងកើតហេតុ វេលាម៉ោង ១៩ និង ៣០ នាទី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៩ នៅចំណុចក្នុងបន្ទប់លើផ្ទះរបស់ខ្លួនផ្ទាល់ នៅភូមិបល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សមត្ថកិច្ចបញ្ជាក់ថា សពឈ្មោះ ថា ធាដាណុង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ រស់នៅភូមិ/សង្កាត់កើតហេតុខាងលើ ។

តាមការបំភ្លឺរបស់ ឈ្មោះ ស្រី សុមាន អាយុ ៤៨ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ថា៖ នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ២៣:៣០នាទី កូនប្រុសរបស់ខ្លួនមកពីផឹកស៊ីហើយបានឡើងទៅលើផ្ទះដេកក្នុងបន្ទប់ម្នាក់ឯងដោយចាក់គន្លឹះពីខាងក្នុង ដោយពុំមាននរណាស្តីបន្ទោសឲ្យឡើយ។ លុះព្រឹកឡើងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៧:០០ នាទីព្រឹក ខ្លួនបានចេញទៅលក់ដូរនៅផ្សារកំពង់ធំ រីឯកូនប្រុសរបស់ខ្លួនដេកក្នុងបន្ទប់លើផ្ទះដដែល។ រហូតដល់ម៉ោង ១៩:៣០នាទីថ្ងៃដដែលខ្លួនឈប់លក់ដូរ បានមកដល់ផ្ទះដាំបាយ ធ្វើម្ហូបរួចរាល់ មិន ឃើញកូនចុះមកហូបបាយ ខ្លួនដើរទៅគោះទ្វារបន្ទប់ហៅមិនឆ្លើយហើយទ្វារបន្ទប់ដាក់គន្លឹះពីខាងក្នុង ទើបខ្លួនធាក់ទ្វារបន្ទប់ចូល ស្រាប់តែឃើញកូនប្រុសរបស់ខ្លួន ចងក និងខ្សែអង្រឹងភ្ជាប់នឹងឃ្នាបផ្ទះ (ជើងគក)អង្កុញជើងលើគ្រែ កំពស់1.70ម៉ែត្រ ស្លាប់បាត់ទៅហើយ ស្ថិតក្នុងសំលៀក បំពាក់ អាវ យឺតកីឡាដៃខ្លី ពណ៌ក្រហម ស្លៀកខោខ្លីពណ៌ខ្មៅ ។

សមត្ថកិច្ចបានដឹងព័ត៌មានខាងលើភ្លាម ក៏បានសហការជា មួយរដ្ឋអំណាច គ្រូពេទ្យប្រចាំសង្កាត់បានចុះដល់ទីកន្លែងកើតហេតុ ដើម្បីពិនិត្យទីកន្លែងកើតហេតុ និងសាកសព។

តាមការពិនិត្យរបស់សមត្ថកិច្ចឃើញថា៖ នៅលើ ក សពជនរងគ្រោះ ព័ទ្ធពីមុខទៅក្រោយ ទំហំ 2 សង្ទីម៉ែត្រ មានស្នាមជាំ ពណ៌ក្រម៉ៅ ដែលជាស្លាកស្នាមចំណង ក្រៅ ពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទៀតឡើយ។

សមត្ថកិច្ចបានសន្និដ្ឋានថា សពឈ្មោះ ថា ធាដាណុង បានស្លាប់ដោយសារធ្វើអត្តឃាត ចងកខ្លួនឯង ។ បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយ សមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសព ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ សមត្ថកិច្ចអះអាងថា មូលហេតុ៖ ឪពុក ម្តាយ បងៗអប់រំ កុំឲ្យដើរលេង ជនរងគ្រោះអន់ចិត្តថា ឪពុកម្តាយ បងៗមិនស្រឡាញ់ខ្លួន៕ ប៊ុនរិទ្ធី


ចែករំលែក៖