ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការខេត្ត ចុះវាស់ដីធ្លីជូនពលរដ្ឋ៧៤គ្រួសារ ត្រូវបានពលរដ្ឋមួយក្រុមទៀត តវ៉ារារាំង ដោយចោទថា បានរំលោភបំពានដីរបស់ខ្លួនកំពុងកាន់កាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ គណៈកម្មការខេត្ត ដែលមានមន្ត្រីចម្រុះពាក់ព័ន្ធ ចុះវាស់ដីធ្លីជូនពលរដ្ឋ៧៤គ្រួសារ ត្រូវបានប្រជាពលរដ្ឋមួយក្រុមទៀត តវ៉ារារាំង ដោយចោទថា បានរំលោភបំពានដីរបស់ខ្លួនកំពុងកាន់កាប់ កាលខែធ្នូ ឆ្នាំ២០១៩ ចុងសប្តាហ៍កន្លងនេះ លើទីតាំងដីទំនាស់ដ៏រាំរ៉ៃ រវាងគ្រួសារកងទ័ពខ្មែរក្រហម និង ក្រុមហ៊ុនហៃសួគ៌នៅចំណុចប្រាសាទក្រៅ(៦៧១) ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

គ្រួសារកងទ័ពខ្មែរក្រហមខាងភាគី៧៤គ្រួសារ បានឲ្យដឹងថា ដីទំនាស់ដែលគណៈកម្មការខេត្ត ចុះវាស់វែងនេះ ជាដីអតីតគ្រួសារខ្មែរក្រហម ដែលជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ឲ្យក្នុងឆ្នាំ២០០៧ ក្រោយពីកងទ័ពខ្មែរក្រហមបានចុះចូលរួមជីវិតនយោបាយជាមួយសម្តេច ដោយឲ្យក្នុង១គ្រួសារ ទទួលបានដីលំនៅឋាន១ឡូតិ៍ទំហំ៣០គុណ៥០ម៉ែត្រ និងដីកសិកម្ម៥ហិកតា ។ ក្រោយមកលោកម៉ៅ គីរី(ស្លាប់) ដែលជាមេរបស់ពួកគាត់បានលួចលក់ទៅឲ្យក្រុមហ៊ុនហៃសួគ៌ ពួកគាត់មិនព្រមទើបមានរឿងក្តីក្តាំងរហូតដល់សព្វថ្ងៃនេះ ។ ដោយឃើញថារឿងនេះ ជម្លោះមិនចេះចប់ មិនចេះហើយ ក្រុមគណៈកម្មការខេត្ត ចុះដោះស្រាយដីធ្លីបានសម្របសំរួលឲ្យពលរដ្ឋដោយក្នុង ១គ្រួសារទទួលបានដីលំនៅឋាន១ឡូតិ៍ទំហំ៣០គុណ៥០ម៉ែត្រ និងដីស្រែ១ហិកតា ដូចនេះពួកគាត់ មិនចង់ឲ្យមានរឿងវែងឆ្ងាយ ទើបទទួលយកការដោះស្រាយ តែប្រជាពលរដ្ឋមួយក្រុមទៀត ប្រមាណ៣០នាក់តំណាង១២៥គ្រួសារមិនព្រមទើបមានការតវ៉ា ។

គ្រួសារកងទ័ពខ្មែរក្រហមក្រុមអ្នកតវ៉ាប្រមាណ៣០នាក់តំណាង១២៥គ្រួដារ បានលើកឡើងថា មូលហេតុដែលតវ៉ានេះ ដោយសារក្រុមមន្ត្រីចម្រុះទាំងនោះ វាស់វែងមិនត្រូវទីតាំងបានបំពានលើដីរបបរបស់ពួកគាត់កំពុងកាន់កាប់ ព្រមទាំងបំពាន.ស.ជ.ណ.របស់សម្ដេចទាំងបី ប្រគលឲ្យពួកគាត់កាន់កាប់ជាចំណងដៃវគ្គ២ក្នុងឆ្នាំ២០០៧ក្នុងមួយគ្រួសារដីលំនៅដ្ឋាន៣០គុណ៥០ និងដីប្រកបកសិកម្ម៥ហិតាដែលគោលនយោបាយរបស់សម្ដេចប្រគល់ជូនអតីតយោធិនពិការរួមទាំងបំពាន់លើដីកំពុងតែមានទំនាស់ ។

ក្រុមអ្នកតវ៉ាបានបន្តថា បើសិនជាខាងភាគី៧៤គ្រួសារព្រមទទួលយកការដោះស្រាយរបស់គណៈកម្មការ គួរតែវាស់ដីរបបក្រុមពលរដ្ឋ៧៤គ្រួសារនោះបានហើយ សូមកុំវាស់ដីរបបខាងក្រុមអ្នកដែលមិនទាន់ទទួលយកការដោះស្រាយដែលចំនួន១២៥គ្រួសារ ។ ហើយការមិនទទួលយកដំណោះស្រាយនេះ ដោយសារពួកគាត់បាត់បង់ដីកសិកម្មច្រើនពេក ដែលពួកគាត់គិតថា ដំណោះស្រាយនេះមិនទាន់សមរម្យ បែបឃុបឃិតគ្នាលក្ខណប្រពន្ធ័ជាមួយក្រុមឈ្មួញចុះមកវាស់វែងមិនបានសម្របសម្រួលឲ្យចប់ ។

ទោះបីជាយ៉ាងណាក្រុមគណៈកម្មការចម្រុះដែលចុះវាស់ដីធ្លីទាំងនោះ មិនអាចសុំការបំភ្លឺពីវិធានការបន្តបានទេ ដោយគ្រាន់តែប្រាប់ថា ជាក្រុមគណៈកម្មការខេត្ត នឹងជំរុញឲ្យអ្នកសារព័ត៌មាន ទៅសួរព័ត៌មានពីមេ តែមិនប្រាប់ឈ្មោះមេណាឡើយ ពោលគឺស្រូតឡើងរថយន្ត បន្ទាប់ពីផ្ទុះការតវ៉ា និងជេរប្រមាថពីប្រជាពលរដ្ឋ៕ វណ្ណា


ចែករំលែក៖