ពិភពលោកបង្ហាញការអបអរសាទរយ៉ាងខ្លាំង ដល់ ចិន និងអាមេរិក ដែលបានព្រមព្រៀង ជាបឋមក្នុងវិស័យពាណិជ្ជកម្ម ដែលជាការចាប់ផ្តើមធ្វើឲ្យទំនាក់ទំនងល្អប្រសើរឡើង ។
ប្រធានក្រុមអ្នកចរចាជម្លោះពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ សាទរចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងចិនថា មានវិសាលភាពគួរឲ្យកត់សម្គាល់ ។ ប៉ុន្តែគាត់បានបញ្ជាក់ថា វិសាលភាពនេះនឹងមិនអាចដោះស្រាយទាំងអស់ រាល់បញ្ហាសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបានឡើយ ។
លោក Robert Lighthizer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានថ្លែងក្នុងបទសម្ភាសន៍ជាមួយភ្នាក់ងារព័ត៌មាន CBS បញ្ជាក់ថា «នេះមិនត្រឹមតែអំពីសកិកម្ម ឬការទិញនូវអ្វីៗផ្សេងទៀតនោះទេ» ។ លោកបានបញ្ជាក់ថា «វិធីគិតអំពីកិច្ចព្រមព្រៀងនេះ គឺជាជំហានដំបូងក្នុងការព្យាយាមធ្វើសមាហរណកម្មប្រព័ន្ធពីរផ្សេងគ្នា ដើម្បីជាប្រយោជន៍ដល់យើងទាំងពីរ” ។
កិច្ចព្រមព្រៀងដែលគេហៅថាដំណាក់កាលទី ១ បានប្រកាសកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នោះ រួមមានធាតុទាំងឡាយទាក់ទងទៅនឹងការការពារកម្មសិទ្ធិបញ្ញា, បច្ចេកវិទ្យា, រូបិយប័ណ្ណ និងសេវាកម្មហិរញ្ញវត្ថុ ។ ទាំងអស់នេះ ត្រូវបានលោក Lighthizerសង្កត់ធ្ងន់ថា “វាអាចអនុវត្តបាន” ។ លោកបានបន្តថា ការទិញបន្ថែមនូវផលិតផលកសិកម្មរបស់អាមេរិកពីភាគីចិនចំនួន៥០ពាន់លានដុល្លារ គឺត្រូវបានសរសេរជាលាយលក្ខណ៍អក្សរនៅក្នុងកិច្ចព្រមព្រៀង ។
លោក Lightizer បានសង្កត់ធ្ងន់ទៀតថា «បើទោះបីកិច្ចព្រមព្រៀងនេះបាននិងកំពុងបកប្រែមិនទាន់រួចរាល់ និងចុះហត្ថលេខាយ៉ាងណាក៏ដោយ ប៉ុន្តែនេះ«ត្រូវបានសម្រេចព្រមព្រៀងរួចរាល់ទាំងស្រុងហើយ»» ។ លោកថា ការចុះហត្ថលេខានោះ ទំនងជាធ្វើឡើងនៅដើខែមករា ឆ្នាំ២០២០ ។
យោងតាមលោក Lighthizer បានបញ្ជាក់ថា ភាគីចិនបានប្តេជ្ញាបង្កើនការទិញឲ្យបានអប្បបរមា២០០ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល២ឆ្នាំទៅមុខនេះ នូវផលិតផលអាមេរិក ដូចជាផលិតផលកសិកម្ម, ផលិតផផថាមពល និងការផ្គត់ផ្គង់សេវាកម្មក្នុងអំឡុងរយៈពេល២ឆ្នាំខាងមុខ ៕