ព័ត៌មានទាន់ហេតុការណ៍៖

ថៅកែហាងបារបារាំងយីហោ “វ៉ាយ កូប្រា បារ” ត្រូវបុគ្គលិកប្រទះឃើញដេកស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានបង្កើតគណៈកម្មការត្រួតពិនិត្យទីតាំងហាងបារបារាំងយីហោ“វ៉ាយ កូប្រា បារ” ខណៈដែលបុរសជនជាតិស្វីសម្នាក់ ដែលគេស្គាល់ថាជាថៅកែហាង បានដេកស្លាប់នៅក្នុងហាងរបស់ខ្លួន បង្កជាការភ្ញាក់ផ្អើលទាំងព្រឹក ។

ករណីជនបរទេសដេកស្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ចំណុចហាងបារបារាំងយីហោ(វ៉ាយ កូប្រា បារ)(White cobra bar) ផ្ទះលេខ២៨E0 ផ្លូវលេខ៥១ ក្រុម៥៤ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សពឈ្មោះ PANCHAUD PIERRE ALAIN ជនជាតិស្វីស (Switzerland) ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរម្ចាស់បារ White cobra bar ស្នាក់នៅទីតាំងកើតហេតុ កាន់លិខិតឆ្លងដែនលេខ X1064117 ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ក្រោយពីសភាពការណ៍កើតឡើង កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ និង លោកគ្រូពេទ្យកោសល្យវិច័យរាជធានី ដើម្បីបង្កើតគណៈកម្មការត្រួតពិនិត្យកោសល្យវិច័យសព ។

ជាលទ្ធផលតាមព័ត៌មានប្រមូលបាន និងការពិនិត្យរបស់ លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន និងការិយាល័យ ជំនាញបច្ចេកទេស បានបញ្ជាក់ថា សពស្លាប់ដោយសារជំងឺមហារីកសួត ។ ដោយនៅកន្លែងកើតហេតុមានសម្ភារៈសពរួមមាន ៖ លិខិតឆ្លងដែនលេខX1064117 ទូរស័ព្ទដៃ(Nokia 1280)ចំនួន០១គ្រឿង អង់ចងចាំចំនួន០១ នាឡិកាដៃចំនួន០២គ្រឿង (ម៉ាកCE និង ម៉ាកKevin) ប័ណ្ណបើកបរចំនួន០១ និង កាតផ្សេងៗចំនួន០២សន្លឹក លុយខ្មែរចំនួន ៥ ៦០០ រៀល និង ចិញ្ចៀនធ្វើពីលោហធាតុ ពណ៌ស ស្លេក ចំនួន០១ ត្រូវបានប្រគល់ឲ្យការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរក្សាទុក ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីពិនិត្យរួច ការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រក្រសួងមហាផ្ទៃ បានដឹកសាកសពយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រង់ចាំខាងមន្រ្តីស្ថានទូតចាត់ចែងតាមនីតិវិធី ៕ស រស្មី


ចែករំលែក៖