ខេត្តស្ទឹងត្រែង ៖ គោលដៅចរាចរណ៍ផ្លូវគោកស្ថិតនៅចំណុចអូរពងមាន់ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចាប់រថយន្តបាឡែនដឹកឈើមួយគ្រឿង ម្ចាស់រថយន្តត្រូវបានរត់គេចខ្លួនបាត់ក្រោយពេលឆែកឆេ។
ករណីបង្ក្រាបរថយន្តបាឡែនដឹកឈើខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២និង៤០ នាទីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុចចរាចរណ៍ផ្លូវគោកអូពងមាន់ស្ថិត ក្នុងភូមិរាជានុកូល/សង្កាត់/ក្រុង/ខេត្តស្ទឹងត្រែង។
លោកវ៉ាសុផាន់ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានឲ្យដឹងថា រថយន្តដឹកឈើខាងលើ ជាប្រភេទរថយន្តបាឡែនពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2AC9534 ដឹកឈើចេញពីក្នុងខេត្តស្ទឹងត្រែងបន្លំជារថយន្តទេសចរណ៍ ហើយត្រូវបានបែកការ ក៏ត្រូវបានកម្លាំងចរាចរណ៍ផ្លូវគោកត្រួតពិនិត្យនិងសហការជាមួយប៉ូលិសសេដ្ឋកិច្ចធ្វើការឃាត់ចាប់តែម្ដងតែម្ចាស់បានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ។
លោកបន្តទៀតថា ក្រោយការឃាត់សមត្ថកិច្ចបានឆែកឆេរទៅលើរថយន្តឃើញថាមានឈើប្រភេទធ្នង់(ដុំ)ពេញគូទរថយន្ត និងនៅកន្លែងអង្គុយជាច្រើនដុំទៀត ហើយត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ចនាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការផ្ទេរប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើ។
គួររំលឹកថា បន្ទាប់ពីយុទ្ធនាការយ៉ាងក្តៅគគុករបស់គណៈកម្មការជាតិទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិមក ការធ្វើជំនួញឈើធំៗមានការថយចុះ ក៏ប៉ុន្តែការដឹកជញ្ជូនឈើកែច្នៃនិងឈើឆៅ តិចតួចលួចលាក់នៅតែមានរៀងរាល់យប់ នឹងថ្ងៃដែលគេប្រើរូបភាពដឹកជញ្ជូនតាមរថយន្តសាំយ៉ុង បាឡែន និងរថយន្តហាយលេនឌឺ ជាប្រភេទទេសចរណ៍ នឹងរថយន្តទំនើបៗ។
បច្ចុប្បន្នរថយន្តបាឡែនដឹកឈើ កំពុងរក្សាទុកនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត និងធ្វើការរៀបចំធ្វើកំណត់ហេតុផ្ទេរប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តទៅតាមនីតិវិធី ៕ មាស សុផាត