ក្រោយការសាកល្បង ទទួលបានជោគជ័យ ចិនបានដាក់ឲ្យដំណើរការនាវាផ្ទុកយន្តហោះផលិតដោយបច្ចេកវិទ្យាចិនផ្ទាល់ លើកដំបូងបង្អស់ ក្នុងប្រវត្តិសាស្ត្រ ។ នេះជាការប្រកាសដាក់ឲ្យប្រើប្រាស់នាវាផ្ទុកយន្តហោះទីពីរ ដែលផលិតឡើង ដោយបច្ចេកវិទ្យាក្នុងស្រុក ដំបូងគេបំផុត ។ នាវាផ្ទុកយន្តហោះនេះ អាចផ្ទុកនាវាចម្បាំងពី៣៨គ្រឿង រហូតដល់៤០គ្រឿង ដើរដោយប្រព័ន្ធថាមពលរុញច្រានធម្មតា ។
រដ្ឋាភិបាលចិន បានសម្រេចដាក់ឲ្យប្រើប្រាស់នាវាផ្ទុកយន្តហោះទីពីរ ដែលផលិតដោយបច្ចេកវិទ្យាក្នុងស្រុកដំបូងគេបំផុត ឲ្យដល់កងកម្លាំងទាហានជើងទឹក ។ ពិធីដាក់ឲ្យប្រើប្រាស់នេះ បានធ្វើឡើងយ៉ាងឱឡារិក អធិកអធម ក្រោមអធិបតីប្រធានាធិបតីដ៏មានឥទ្ធិពលបំផុត លោក ស៊ី ជីនពីង នៅឯខេត្ត Shandong នាភាគខាងកើតរបស់ប្រទេសចិន កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ។
នាវាផ្ទុកយន្តហោះទីពីរនេះ ត្រូវបានដាក់ឈ្មោះ នាវាផ្ទុកយន្តហោះ «Shandong » គឺយកឈ្មោះខេត្តចិនដាក់តែម្តង។ នាវានេះអាចផ្ទុកយន្តហោះចម្បាំង ចន្លោះពី៣៨គ្រឿងដល់៤០គ្រឿង។ រីឯនាវាផ្ទុកយន្តហោះរបស់ចិនទីមួយ ឈ្មោះ Liaoning ។ នាវានេះ មានប្រវត្តិដើម ផលិតឡើង តាំងពីសម័យសូវៀតដែលចិនទិញពីប្រទេសអ៊ុយក្រែន ហើយត្រូវបានជួសជុល ហើយដាក់ឲ្យប្រើប្រាស់ កាលពីឆ្នាំ២០១២ ។ នាវា Liaoning ផ្ទុកយន្តហោះចម្បាំងចំនួន៤០គ្រឿង ។
គួររំឭកថា កាលពីខែកក្កដា ឆ្នាំ២០១៩ ប្រទេសចិនបានបង្ហាញផែនការកសាង ធ្វើទំនើបឧបនីកម្មបច្ចេកវិទ្យាជាន់ខ្ពស់ដល់កងទ័ពរបស់ខ្លួន ។ ចិនជាមហាអំណាចយោធាធំទី២ ក្នុងលោក ដែលបានចំណាយថវិកាការពារជាតិ ប្រមាណ១៧ម៉ឺនលានដុល្លារ សម្រាប់វិស័យកងទ័ព នាឆ្នាំ ២០១៩។
អ្នកវិភាគបានលើកឡើងថា ចិនទើបតែមាននាវាផ្ទុកយន្តហោះ២គ្រឿងប៉ុណ្ណោះ ហើយបើទោះជាមានគម្រោងបង្កើតនាវាផ្ទុកយន្តហោះទី៣ក៏ដោយ ប៉ុន្តែនៅតែមិនទាន់អាចប្រកួតប្រជែងជាមួយមហាអំណាចយោធាទីមួយ គឺសហរដ្ឋអាមេរិកបានឡើយ ដោយសារពេលបច្ចុប្បន្ននេះះ អាមេរិកមាននាវាផ្ទុកយន្តហោះចម្បាំងទំនើបៗ រហូតដល់ទៅ១២គ្រឿងឯណោះ ។
សម្រាប់អ្នកវិភាគ អះអាងថា ចិននៅមិនទាន់អាចប្រកួតប្រជែងជាមួយអាមេរិកបាននៅឡើយ ទាំងផ្នែកចំនួន និង សមត្ថភាពបច្ចេកវិទ្យា ។ នាវាផ្ទុកយន្តហោះចម្បាំងទី២ ដែលចិនទើបនឹងឡើង ដោយបច្ចេកវិទ្យាចិន សុទ្ធសាធ ដើរដោយប្រព័ន្ធថាមពលរុញច្រានធម្មតា ប៉ុន្តែវាមិនមែន ដើរដោយថាមពលនុយក្លេអ៊ែរ ដូចនាវាផ្ទុកយន្តហោះចម្បាំងរបស់ប្រទេសដទៃនោះឡើយ។ នាវានេះអាចងាយនឹងរងការវាយប្រហារ ដោយមីស៊ីលរបស់នាវាមុជទឹករបស់សត្រូវ ៕