ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិត បានឃាត់ខ្លួនយុវជនម្នាក់ពាក់ពន្ធ័ករណីថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៤កញ្ចប់ធំ (ទម្ងន់ជាង៤គីឡូក្រាម) លាក់ក្នុងធុងបាស់ ខណៈដែលជនសង្ស័យ បម្រុងលួចនាំឆ្លងដែនទៅប្រទេសវៀតណាមកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
លោកវរៈសេនីយ៍ឯកកែវ សុថា ស្នងការរងនគរបាលខេត្តស្វាយរៀងបានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ថា ករណីបង្ក្រាបបានគ្រឿងញៀនដែលបម្រុងឆ្លងដែនទៅវៀតណាម កម្លាំងបានបង្ក្រាបបានចំនួន៤កញ្ចប់ធំស្មើនឹង៤គីឡូក្រាម ដែលលាក់ក្នុងធុងបាសនៅក្រុងបាវិតហើយ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ឃាត់កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នោះកម្លាំងជំនាញកំពុងស្រាវជ្រាវបន្តទៀតទាំងកម្លាំងជំនាញនៅភ្នំពេញ និងខេត្តសហការគ្នាដើម្បីចាប់ខ្លួនក្រុមបក្ខពួកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់បន្តទៀត។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីលោកវរសេនីយ៍ឯក កែវ គង់ អធិការនគរបាលក្រុងបាវិតបានទទួលព័ត៌មានពីសមត្ថកិច្ចគយវៀតណាម តាមរយៈទូរស័ព្ទរាយការណ៍មកថា សមត្ថកិច្ចវៀតណាមបានឃាត់ខ្លួនជនជាតិខ្មែរចំនួនម្នាក់ ពាក់ព័ន្ធនឹងករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន និងដកហូតថ្នាំញៀនចំនួន ១គីឡូក្រាមពីឈ្មោះ អ៊ុ ណាំ ភេទប្រុសអាយុ ១៧ឆ្នាំ មុខរបររត់ការលិខិតឆ្លងដែនកម្ពុជាវៀតណាម មានទីលំនៅភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។ ដោយមានការសហការពីសមត្ថកិច្ចវៀតណាម កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បាននាំខ្លួនជនសង្ស័យខាងលើមកកម្ពុជាសាកសួរដើម្បីស្រាវជ្រាវ ។តាមចម្លើយរបស់ជនសង្ស័យ បានឆ្លើយថា មានអីវ៉ាន់ចំនួនពីរកេសទៀតផ្ញើទុកនៅហាងបាយយីហោ(តាលឿង) មានទីតាំងស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពខាងលើបានបន្តទៀតថា នៅពេលបានតម្រុយដូច្នេះ សមត្ថកិច្ចបានចុះទៅត្រួតពិនិត្យអីវ៉ាន់នោះ ដោយឃើញមានធុងបាសចំនួន ២ធុង ដោយមានការសង្ស័យ សមត្ថកិច្ចបានគាស់ធុងបាសនោះ ឃើញមានម្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ២កញ្ចប់ធំក្នុងមួយធុងបាស់ ស្មើ ៤កញ្ចប់ធំ ទម្ងន់៤១៤០.០៨ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានឃាត់ខ្លួន និងយកមករក្សាទុកទៅការិយាល័យជំនាញ ដើម្បីស្រាវជ្រាវបន្ត ៕ យឹម សុថាន