ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌបឹងកេងកង បានចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងពីជនរងគ្រោះម្នាក់បានសម្រេចតែរត់មិនរួច ។
ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅត្រង់មុខផ្ទះលេខ១១៩ផ្លូវលេខ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ទោ សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទាំង២នាក់រួមមាន៖ ទី១/ មានឈ្មោះ ហេង ចន្ទម៉ាប់ ភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ០៧ផ្លូវ៣៧១សង្កាត់បឹងទំពុន២ខណ្ឌមានជ័យ មុខរបរកម្មកររត់តុ(អ្នកបើកម៉ូតូ) ទី២/ ឈ្មោះ សុខ ចំរើន ភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរស្នាក់សំណង់មិនរៀបរយក្នុងវត្តព្រយូរវង្សសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរគ្មាន(អ្នកឆក់).
សមត្ថកិច្ចបន្តថា វត្ថុតាងដកហូតម៉ូតូ០១គ្រឿងម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CX5597 និងទូរសព្ទដៃមួយគ្រឿង ម៉ាកIphon 7plus ពណ៌ខ្មៅ (ប្រគល់ឲ្យជនរងគ្រោះវិញ)។
បច្ចុប្បន្ន ជនសង្ស័យទាំង២ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕ ស រស្មី