ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីប្រឈមការវាយប្រហារភេរវកម្ម កើនឡើង

ចែករំលែក៖

រុស្ស៊ីរិតបន្តឹងសន្តិសុខការពារទីតាំងសំខាន់ៗ របស់រដ្ឋាភិបាល ក្រោយពេល ខ្មាន់កាំភ្លើង បានផ្ទុះអាវុធនៅជិតទីស្នាក់ការក្រសួងសន្តិសុខជាតិរុស្ស៊ី ស្លាប់​៣នាក់ ។

តំបន់មានសុវត្ថិភាពបំផុត​របស់រុស្ស៊ី គឺតំបន់​ Lubyanka ស្ថិតជិតក្រសួងសន្តិសុខជាតិ FSB ​ បានរងការបាញ់ប្រហារ​ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន ។

ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី បានផ្សាយថា ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើង កាលពីថ្ងៃទី​១៩ ខែធ្នូ​ នៅជិតទីតាំងក្រសួងសន្តិសុខជាតិ កណ្តាលទីក្រុងមូស្គូ ។ នៅក្នុងហេតុការណ៍នោះ បានបណ្ដាលឲ្យមនុស្សចំនួន៣នាក់ស្លាប់ ក្នុងនោះមាន បុគ្គលិកសន្តិសុខជាតិ ​FSB ម្នាក់​ផងដែរ​ ។

គេហទំព័រ Izvestia បានផ្សាយថា ហេតុការណ៍បាញ់ប្រហារនោះ បានកើតឡើង នៅកន្លែងមានរៀបចំពិធីជប់លៀង ​នៅទីតាំង​ FSB ។ ប្រភពព័ត៌មានផ្សេងទៀត បានឲ្យដឹងថា នេះជា​ការបាញ់ប្រហារនៅខាងក្រៅ កន្លែងពិធីជប់លៀង ។ ​​សាក្សីនៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា មានខ្មាន់កាំភ្លើង មានគ្នា​ប្រមាណ​២-៣នាក់ ​ប្រដាប់ដោយកាំភ្លើងស្វ័យប្រវត្តិ​ បានបើកការបាញ់ប្រហារទៅលើទីស្នាក់ការកណ្តាល​របស់ FSB ។

នេះជាការបាញ់ប្រហារ​ ដែលមិនធ្លាប់មានពីមុនមក ព្រោះទីតាំងក្រសួងសន្តិសុខជាតិ គឺជាតំបន់ដែលមានសុវត្ថិភាពបំផុត នៅក្នុងទីក្រុងមូស្គូ ក៏ដូចជា នៅប្រទេសរុស្ស៊ី ទាំងមូលផងដែរ ។ ក្រុមអ្នកជំនាញកំពុងតែស៊ើបអង្កេត ថាតើការបាញ់ប្រហារ ខាងលើនេះ ជាភេរវកម្មដែរឬយ៉ាងណា៕


ចែករំលែក៖