ព័ត៌មានទាន់ហេតុការណ៍៖

ចររាចរណ៍កកស្ទះដោយសារកូដកម្ម ប្រឆំាងច្បាប់សញ្ជាតិនៅឥណ្ឌា

ចែករំលែក៖

នៅតាមទីក្រុងធំៗក្នុងប្រទេសឥណ្ឌា ត្រូវកកស្ទះដោយសារ ក្រុមបាតុករប្រឆាំងច្បាប់​សញ្ជាតិ បិទផ្លូវសំខាន់ៗ ចូលទៅកាន់ទីក្រុង ។ ​នៅពេលនេះដែរ កម្លាំងប៉ូលិសឥណ្ឌាបានចាប់ខ្លួនបាតុករជាច្រើន ។ តាមរបាយការណ៍ពីប៉ូលិសឥណ្ឌាបានឲ្យដឹងថា មានមនុស្ស ៣នាក់ស្លាប់ និង​១២០០នាក់ត្រូវបានចាប់ខ្លួន ។

មនុស្ស៣នាក់​បានស្លាប់ និងរាប់ពាន់នាក់ត្រូវបានចាប់ឃុំខ្លួន អំឡុងពេលបាតុកម្មប្រឆាំង​ច្បាប់ផ្តល់សញ្ជាតិថ្មី ដ៏ចម្រូងចម្រាស់នៅក្នុងប្រទេសឥណ្ឌា ។

ប្រភពព័ត៌មានប៊ីប៊ីស៊ី​ បានផ្សាយកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ថា អាជ្ញាធរបានដាក់ការហាមឃាត់ធ្វើបាតុកម្ម​ មិនឲ្យកើតមាននៅផ្នែកខ្លះ​ក្នុងរដ្ឋធានី​ Delhi និងនៅតាមរដ្ឋដូចជា Uttar Pradesh និង Karmataka ។

ច្បាប់ថ្មីផ្ដល់សញ្ជាតិឥណ្ឌាឲ្យដល់ជនអន្តោប្រវេសន៍​ដែលមិនមែនជាជនមូស្លីមហើយមកពីប្រទេសជិតខាង ដូចជាប៉ាគីស្ថាន, បង់ក្លាដេស និងអាហ្វហ្គានីស្ថាន​ ។ រដ្ឋាភិបាលឥណ្ឌាប្រកាស​ច្បាប់នេះ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ។

ក្រុមអ្នករិះគន់​បានភ័យខ្លាចថា ច្បាប់នេះ ធ្វើឲ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញរបស់ប្រទេសឥណ្ឌា ហើយថា ជំនឿសាសនាមិនមែនជាមូលដ្ឋាន​ នៅក្នុងការផ្ដល់សញ្ជាតិនោះទេ ។ ប៉ុន្តែ លោក ណារ៉េនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា​ បានច្រានចោលការព្រួយបារម្ភ​ របស់ក្រុមបាតុករ ហើយថាក្រុមបាតុករ​ទាំងនោះ​កំពុងនាំគ្នា​បំប៉ោង​ព័ត៌មានភូតកុហក ។

បាតុកម្មបានអូសបន្លាយពេលច្រើនថ្ងៃកន្លងមកហើយ ប្រឆាំងនឹងច្បាប់ថ្មីផ្តល់សញ្ជាតិដល់ជនអន្តោប្រវេសន៍​នៅលើទឹកដីឥណ្ឌានេះ ។ ក្រសួងមហាផ្ទៃបានកោះប្រជុំ​ផងដែរ​ ដើម្បី​ពិភាក្សារកវិធីដោះស្រាយ​វិបត្តិ​​មួយនេះ ។

បាតុកររាប់ពាន់នាក់​បានធ្វើបាតុកម្ម​តាមដងផ្លូវ​នៅទូទាំងប្រទេស​កាលពីថ្ងៃទី១៩ ខែធ្នូ បើទោះបី ប៉ូលិសហាមប្រាមយ៉ាងណាក៏ដោយ ។ ប៉ូលីសឥណ្ឌាបានហាមប្រាមពលរដ្ឋពីការ ជួបជុំគ្នាលើសពី៤នាក់ឡើងទៅ ។

បាតុកម្មបានផ្ទុះឡើងនូវអំពើហិង្សា ស្លាប់​២នាក់​នៅទីក្រុង Mangalore បន្ទាប់ពីប៉ូលិស​បាញ់ប្រហារទៅលើហ្វូងបាតុករ ដោយចោទប្រកាន់ថា ពួកគេព្យាយាមដុតកម្ទេចស្ថានីយប៉ូលិស ។

ស្នងការប៉ូលិស លោក Dr PS Harsha បានប្រាប់អ្នកសារព័ត៌មានថា បម្រាមគោចរនៅតែមានប្រសិទ្ធភាពនៅក្នុងរដ្ឋធានី ។ សេវា​អ៊ីនធើណេត​ក្នុងតំបន់​ត្រូវបានកាត់ផ្តាច់ផងដែរ ។

នៅទីក្រុង Lucknow បុរសម្នាក់ទៀត​បានស្លាប់ ខណៈដែលអំពើហិង្សាបានផ្ទុះឡើង​រវាងក្រុមបាតុករ​ និងកម្លាំងសន្តិសុខ ហើយរថយន្តជាច្រើនគ្រឿងត្រូវដុតបំផ្លាញ​ទាំងព្រឹកព្រលឹម ។ មន្ត្រីប៉ូលីស រាប់សិបនាក់បានរងរបួស ហើយមនុស្ស១១២នាក់​ត្រូវបានរាយការណ៍ថា ត្រូវចាប់ឃុំខ្លួន ក្នុងរដ្ឋធានីមួយនេះ ។

សារព័ត៌មាន​ independent បានផ្សាយថា មកដល់ពេលនេះ មនុស្សរហូតដល់​១២០០នាក់ ត្រូវបាន់កម្លាំងសន្តិសុខ​ឥណ្ឌា​ចាប់ឃុំខ្លួន ​ពាក់ព័ន្ធបាតុកម្មប្រឆាំងច្បាប់សញ្ជាតិ​មួយនេះ ៕


ចែករំលែក៖