រុស្ស៊ីរិតបន្តឹងសន្តិសុខការពារទីតាំងសំខាន់ៗ របស់រដ្ឋាភិបាល ក្រោយពេល ខ្មាន់កាំភ្លើង បានផ្ទុះអាវុធនៅជិតទីស្នាក់ការក្រសួងសន្តិសុខជាតិរុស្ស៊ី ស្លាប់៣នាក់ ។
តំបន់មានសុវត្ថិភាពបំផុតរបស់រុស្ស៊ី គឺតំបន់ Lubyanka ស្ថិតជិតក្រសួងសន្តិសុខជាតិ FSB បានរងការបាញ់ប្រហារ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន ។
ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី បានផ្សាយថា ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើង កាលពីថ្ងៃទី១៩ ខែធ្នូ នៅជិតទីតាំងក្រសួងសន្តិសុខជាតិ កណ្តាលទីក្រុងមូស្គូ ។ នៅក្នុងហេតុការណ៍នោះ បានបណ្ដាលឲ្យមនុស្សចំនួន៣នាក់ស្លាប់ ក្នុងនោះមាន បុគ្គលិកសន្តិសុខជាតិ FSB ម្នាក់ផងដែរ ។
គេហទំព័រ Izvestia បានផ្សាយថា ហេតុការណ៍បាញ់ប្រហារនោះ បានកើតឡើង នៅកន្លែងមានរៀបចំពិធីជប់លៀង នៅទីតាំង FSB ។ ប្រភពព័ត៌មានផ្សេងទៀត បានឲ្យដឹងថា នេះជាការបាញ់ប្រហារនៅខាងក្រៅ កន្លែងពិធីជប់លៀង ។ សាក្សីនៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា មានខ្មាន់កាំភ្លើង មានគ្នាប្រមាណ២-៣នាក់ ប្រដាប់ដោយកាំភ្លើងស្វ័យប្រវត្តិ បានបើកការបាញ់ប្រហារទៅលើទីស្នាក់ការកណ្តាលរបស់ FSB ។
នេះជាការបាញ់ប្រហារ ដែលមិនធ្លាប់មានពីមុនមក ព្រោះទីតាំងក្រសួងសន្តិសុខជាតិ គឺជាតំបន់ដែលមានសុវត្ថិភាពបំផុត នៅក្នុងទីក្រុងមូស្គូ ក៏ដូចជា នៅប្រទេសរុស្ស៊ី ទាំងមូលផងដែរ ។ ក្រុមអ្នកជំនាញកំពុងតែស៊ើបអង្កេត ថាតើការបាញ់ប្រហារ ខាងលើនេះ ជាភេរវកម្មដែរឬយ៉ាងណា៕