ខេត្តស្ទឹងត្រែង៖ លោកទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលខេត្ត សូមអំពាវនាវយ៉ាងទទូចដល់អ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ មិនថាថ្នាក់ដឹកនាំនៅថ្នាក់ជាតិ ឬថ្នាក់ក្រោមជាតិ ជាពិសេសសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ សហគមន៍មូលដ្ឋាន និងប្រជានេសាទផ្ទាល់ ទុកជាការអង្វរកយ៉ាងទទូចចុះ ព្រោះលោកមើលឃើញថា ការគ្រប់គ្រងវិស័យជលផល ដែលពឹងផ្អែកទៅលើមន្រ្តីជលផលតែបួនដប់នាក់នោះ គឺមិនអាចទទួលបាននូវប្រសិទ្ធភាពខ្ពស់ និងនិរន្តរភាពនៃធនធានជលផលបានទេ នៅដែនទឹកទន្លេទាំងបួននេះ ក្នុងខេត្តស្ទឹងត្រែងបានទេ ទាល់តែបងប្អូនទាំងអស់ មេត្តាចូលរួមយល់ដឹងគ្រប់គ្នា ជួយថែរក្សាការពារ ត្រីគ្រប់ប្រភេទដែលកំពុងរងនៅការគម្រាម គម្ហែងពីបងប្អូនប្រជានេសាទមួយចំនួន ប្រើឧប្បករណ៍នេសាទខុសច្បាប់ គ្រប់រូបភាពដែលពួកគាត់មិនគិតដល់អនាគត ត្រីដែលកំពុងជិតផុតពូជហើយនោះ ។
លោកនាយខណ្ឌបានបន្ថែមថា ការនេសាទត្រីពីធម្មជាតិក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ គឺមានស្ថានភាពហួសកម្រិតនៃផលត្រី ដែលវារស់នៅ ក្នុងដងទន្លេទាំងបួននៃខេត្តស្ទឹងត្រែងនេះ។
លោកបញ្ជាក់ថា បច្ចុប្បន្ននេះ នៅដែនទឹកនៃខេត្តស្ទឹងត្រែង គឺនៅបន្តមានការនេសាទដោយប្រើគ្រឿងផ្ទុះ និងឆក់ប្រភេទក្តៅ និងត្រជាក់ កើតឡើងស្ទើរតែគ្រប់ទីកន្លែង។ ម្យ៉ាងវិញទៀត ការកើនឡើងនៃអ្នកនេសាទខ្មែរឥស្លាមចំណាកស្រុកពីបណ្តាខេត្តផ្សេងៗ រាប់រយគ្រួសារ នៅប៉ែកខាងលើ នៃទំនប់វារីអគ្គិសនីសេសានក្រោម២ មកធ្វើនេសាទយ៉ាងអនាធិបតេយ្យ បាននិងកំពុងគំរាមកំហែងដល់ត្រីមេពូជគ្រប់ប្រភេទនៅតំបន់នោះ។
គួរបញ្ជាក់ថា ផលនេសាទដែលចាប់បានពីធម្មជាតិកាលពីឆ្នាំ ២០១៨ មានប្រមាណ ៧០០០ តោន ហើយនៅឆ្នាំ ២០១៩ នេះ មានប្រមាណ ៥៥០០ តោន តែប៉ុណ្ណោះ។
ជាចុងក្រោយ លោកនាយខណ្ឌបានបន្តអំពាវនាវដល់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋាន កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ សហគមន៍ និងអ្នកនេសាទផ្ទាល់ សូមមេត្តាចូលរួមទាំងអស់គ្នាដើម្បីថែរក្សា ការពារ និងប្រើប្រាស់នូវធនធានជលផលទាំងនេះ ដើម្បីធានាបាននូវនិរន្តរភាព ដល់កូនចៅជំនាន់ក្រោយៗទៀត។
សូមលោកអភិបាល នៃអភិបាលខេត្ត មេត្តាជួយរកមធ្យោបាយយ៉ាងណាជួយទប់ស្កាត់ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នាំគ្នាជួយសហការបង្ក្រាបបទល្មើសនេសាទទាំងនេះ ដើម្បីថែរក្សាសម្បត្តិធនធានធម្មជាតិ និងមច្ឆាជាតិ ក្នុងដងទន្លេមេគង្គ ទន្លេសេសាន ទន្លេទឹសេកុង និងទន្លេស្រែពក ដែលកំពុងរងនៅការគម្រាម គម្ហែង យ៉ាងគឃ្លើន ពីសំណាក់ជនប្រព្រឹត្តប្រើឧប្បករណ៍នេសាទខុសច្បាប់ ជារាងរាល់ថ្ងៃនិងយប់ នៅក្នុងខេត្តស្ទឹងត្រែងនេះបើពឹងទៅលើតែខណ្ឌជលផល មានគ្នាបួនទៅដប់អ្នកនោះ មិនអាចធ្វើទៅបាននោះទេ មិនខុសពីវាកចកនោះឡើយ ៕ មាស សុផាត