ព័ត៌មានទាន់ហេតុការណ៍៖

អតីតអ្នករាយការណ៍ព័ត៌មានឲ្យទូរទស្សន៍មួយនៅជប៉ុន ឈ្នះក្តីរឿងចាប់រំលោភ

ចែករំលែក៖

កាលពីថ្ងៃទី១៨ ខែធ្នូ តុលាការទីក្រុងតួក្យូ ប្រទេសជប៉ុនបានបញ្ជាឲ្យលោក Noriyuki Yamaguchi សងជំងឺចិត្តដល់អ្នកកាសែតស្រីជប៉ុន ឈ្មោះ Shiori Ito ចំនួន៣,៣លានយេនលុយជប៉ុន) ឬស្មើនឹងជាង៣ម៉ឺនដុល្លារអាមេរិក នៅក្នុងសំណុំរឿចាប់រំលោភសេពសន្ថវៈ ។

បើយោងតាម The Nation បានផ្សាយ កាលពីថ្ងៃទី១៨ ខែធ្នូ ថា ជនជាប់ចោទ នៅក្នុងសំណុំរឿងចាប់រំលោភនោះ ឈ្មោះ Noriyuki Yamaguchi អាយុ៥៣ឆ្នាំ អតីតអ្នករាយការណ៍ព័ត៌មានឲ្យទូរទស្សន៍មួយ នៅជប៉ុន ។ រីឯជនរងគ្រោះ ឈ្មោះ Shiori Ito អាយុ៣០ឆ្នាំ មានមុខងារជាអ្នកសារព័ត៌មាន ។ នៅក្នុងសំណុំរឿង ចាប់រំលោភសេពសន្ថវៈនោះ ជនរងគ្រោះបានទាមទារសំណងជំងឺចិត្ត១១លានយេន ឬជាង១០ម៉ឺនដុល្លារអាមេរិក ។ ជនរងគ្រោះ ត្រូវបានជនជាប់ចោទចាប់រំលោភសេពសន្ថវៈ កាលពីអំឡុងឆ្នាំ២០១៥ ។

លោក Akihiro Suzuki ប្រធានចៅក្រមជំនុំជម្រះ បានឲ្យដឹងថា បើតាមការសាកសួរចម្លើយ បានឲ្យដឹងថា ជនជាប់ចោទ Yamaguchi បានចាប់រំលោភទៅលើជនរងគ្រោះ រហូតដល់នាងសន្លប់ ។ បន្ទាប់មក ជនជាប់ចោទ បានបន្ដសកម្មភាពរំលោភបន្ដទៀត ។ លុះពេលនាងដឹងខ្លួន ហើយបដិសេធ ក៏ជនជាប់ចោទ បន្ដធ្វើសកម្មភាពបែបនេះបន្ថែមទៀត ។

លោកចៅក្រម បានបន្ដថា បើតាមសម្ដីរបស់ជនរងគ្រោះ បានប្រាប់តុលាការថា កាលពីអំឡុង​ ខែមេសា ឆ្នាំ២០១៥ ជនជាប់ចោទបានណាត់នាងទៅហូបអាហារពេលល្ងាច ហើយក៏ផឹកស៊ី នៅក្នុងសណ្ឋាគារមួយ នៅក្នុងទីក្រុងតូក្យូ រហូតដល់ស្រវឹងលែងដឹងខ្លួន ។ នៅពេលនោះ នាងក៏ត្រូវជនជាប់ចោទចាប់នាងរំលោភតែម្ដង ។

ទោះជាយ៉ាង រហូតមកដល់អំឡុងខែកក្កដាឆ្នាំ ២០១៦ ការិយាល័យរដ្ឋអាជ្ញាសាធារណៈនៅទីក្រុងតូក្យូ មិនបានចោទប្រកាន់ទៅលើជនសង័្សយ បើទោះជាជននេះត្រូវបានចោទប្រកាន់ដោយប៉ូលិស ពីបទរំលោភសេពសន្ថវៈលើជនដែលស្រវឹង ក៏ដោយ ។ ប៉ុន្ដែជនរងគ្រោះ​បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងការសម្រេចចិត្តរបស់ព្រះរាជអាជ្ញា ហើយចុងក្រោយទើបតុលាការលើកយកសំណុំរឿងនេះ មកកាត់ក្ដី ដើម្បីផ្ដល់យុត្តិធម៌ឲ្យជនរងគ្រោះ ។

ក្រោយពេលតុលាការទីក្រុងតូក្យូ បានសម្រេចឲ្យជនរងគ្រោះឈ្នះក្ដី ហើយបង្គាប់ឲ្យជនជាប់ចោទ សងជំងឺចិត្តនោះមក នាង Ito ក៏បានថ្លែងថា នាងរីករាយនឹងការសម្រេចចិត្តរបស់តុលាការយ៉ាងខ្លាំង៕


ចែករំលែក៖